មហាជន​អ្នកគាំទ្រ​ប្រាកដ​ស្គាល់​ច្បាស់ ប្រសិនបើ​និយាយ​ដល់​តួឯក​ប្រុស​ក្នុង​រឿង «ជញ្ជីង​ជីវិត» ដែលមាន​សម្បុរ​ស រាង​ខ្ពស់ស្រឡះ មាន​សមត្ថភាព​បង្ហាញ​ម៉ូដ​និង​មាន​ទេពកោសល្យ​នៃ​ការសម្ដែង​នោះ​គឺ លោក មុំ សុទ្ធា​រ៉ា។ លោក​បានចាប់ផ្ដើម​អាជីព​សិល្បៈ​តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ និង​ក្ដោប​តំណែង​ជា​តួឯក​ប្រុស​សឺ​ង​តែ​គ្រប់​រឿង​តែម្ដង។

ផ្ដល់​បទសម្ភាសន៍​ដោយផ្ទាល់​ជាមួយ​អ្នកសារព័ត៌មាន​ត្រយង លោក មុំ សុទ្ធា​រ៉ា ក៏បាន​បើក​កាយ​ពី​អតីតកាល​ពេល​ចាប់ផ្ដើម​ប្រឡូក​ក្នុង​អាជីព​សម្ដែង​ភាពយន្ដ​ជា​លើកដំបូង ដោយ​រៀបរាប់ថា  ក៏​មិនសូវ​ខុស​ឆ្ងាយ​ពី​សិល្បករ​ដទៃទៀត​ប៉ុន្មាន​ដែរ លោក​ចូលប្រឡូក​សិល្បៈ​ដោយ​ក្ដី​ស្រឡាញ់ ហើយ​រហូត​មកទល់ពេលនេះ​គឺ​លោក​បាន​ប្រឡូក​ការសម្ដែង​បាន​គ្រប់​តួអង្គ​អស់​ទៅហើយ។ លោក​ថា ពេល​ចូល​សិល្បៈដំបូងៗ អ្នកដឹកនាំ​រឿង​តម្រូវឱ្យ​លោក​សម្ដែង​ជា​តួអង្គ​ស្លូត​សម្រក់​ទឹកភ្នែក នៅពេលនេះ​លោក​ធ្វើ​មិន​បានទេ ពោលគឺ​យ៉ាងណា​ក៏​មិន​ចេញ​ទឹកភ្នែក​ឡើយ ព្រោះ​លោក​គិតថា នៅសុខៗមិនដែល​ទឹកភ្នែក​ឯណា​ហូរ​មកឯងៗនោះទេ ក៏ប៉ុន្ដែ​លោក​ព្យាយាម​ស្ដាប់​តាម​ការណែនាំ​របស់​អ្នកដឹកនាំ​រឿង ហើយ​ទីបំផុត​លោក​ធ្វើបាន​សម្រេច។

លោក មុំ សុទ្ធា​រ៉ា

តាំងពី​បោះ​ជំ​ហ៊ាន​យ៉ាង​រលូន​នៅលើ​វិថី​សម្ដែង​មួយ​នេះ លោក​ថា លោក​ស្រឡាញ់​ការសម្ដែង​ជា​តួ​ក្រ​ម៉េច​ក្រមើម​ជាងគេ ដោយសារតែ​ជា​ចរិត​តួ​នេះ គឺ​ត្រូវ​នឹង​ចរិត​ពិត​របស់លោក​នៅ​ខាងក្រៅ នោះ​ក៏​ព្រោះតែ​លោក​ចូលចិត្ត​លេងសើច​ធ្វើឱ្យ​អ្នក​នៅ​ជុំវិញខ្លួន​សប្បាយរីករាយ​ផងដែរ។ តារា​ប្រុស​សង្ហា​រូបនេះ ក៏បាន​និយាយ​បន្ថែម​ដែរ​ថា កន្លងមក​លោក​ធ្លាប់បាន​សម្ដែង​ជាមួយ​តារា​ស្រី​ស្អាត​ជាច្រើន​នាក់​មកហើយ និង​សុទ្ធតែជា​តារា​ស្រី​ដែលមាន​បទពិសោធ​ន៍ស​ម្ដែ​ង តែមាន​តារា​ស្រី​ម្នាក់​ដែល​ធ្វើឱ្យ​លោក​ចងចាំ​ក្នុង​ចិត្ត និង​មិន​ភ្លេចមុខ​នាង​បាន​រហូត។ តើ​នាង​ជា​អ្ន​ក​ណា?

គេ​នៅ​ចាំបាន​ថា លោក មុំ សុទ្ធា​រ៉ា ធ្លាប់​បានធ្វើឱ្យ​អ្នកគាំទ្រ​ចងចាំ​មិន​ភ្លេច​ពី​ការសម្ដែង​របស់លោក ជាមួយនិង​តារា​ស្រី រចនា រ៉ា​វ៉ា​ឌី តាមរយៈ​រឿង​ភាគ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ៥ គឺ​រឿង «ជញ្ជីង​ជីវិត»។ ក្នុង​ការផ្ដល់​បទសម្ភាសន៍​បន្ដទៀត លោក មុំ សុទ្ធា​រ៉ា បាន​សារភាព​ប្រាប់ថា តួ​ស្រី​ដែល​លោក​ចាំ​មិន​ភ្លេចមុខ​នោះ​គឺ​កញ្ញា រចនា រ៉ា​វ៉ា​ឌី ។ នោះ​ក៏​ព្រោះតែ នៅពេល​ចាប់​ដៃគូ​សម្ដែង​ជាមួយគ្នា​ជា​លើកដំបូង លោក​ថា កញ្ញា រចនា មាន​វ័យក្មេង​មែនទែន ក៏ប៉ុន្ដែ​កញ្ញា​បាន​ព្យាយាម​ស្ដាប់​រាល់​ការពន្យល់​ពី​ទិច​និក​ក្នុង​សម្ដែង​ដែល​លោក​បាន​ចែករំលែក។ មិន​ត្រឹម​ស្ដាប់​តាម​អ្វីដែល​លោក​បាន​ប្រាប់​នោះទេ តែ​កញ្ញា រចនា ក៏បាន​ព្យាយាម​ធ្វើតាម ហើយ​បានល្អ​ថែមទៀត។ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើឱ្យ​លោក​សម្លឹង​ឃើញថា កញ្ញា រចនា ជា​ក្មេងស្រី​ម្នាក់​ដែលមាន​ការតស៊ូ និង​ចិត្ត​ស្រឡាញ់​សិល្បៈ​ពិតប្រាកដ ដូច​គ្រា​ដែល​លោក​បាន​ចូល​សិល្បៈ​ដំបូង​ដែរ។

លោក មុំ សុទ្ធា​រ៉ា បាន​សង្កត់ធ្ងន់ថា អារម្មណ៍​របស់លោក​បាន​ដក់​ជាប់​ជាមួយ​ការ​សមត្ថភាព​សម្ដែងរ​បស់​កញ្ញា រចនា រ៉ា​វ៉ា​ឌី ខ្លាំងណាស់ ហើយ​លោក​សង្ឃឹមថា ថ្ងៃ​ណាមួយ​លោក​នឹង​បាន​សម្ដែង​រឿង​ថ្មី​រួមគ្នា​ជាមួយ​កញ្ញា។ យ៉ាងណាក្ដី​តារា​ទាំងពីរ​ដួង​ធ្លាប់បាន​សម្ដែង២រឿង​មកហើយ​ជាមួយគ្នា ហើយ​ជា​ដៃគូ​សម្ដែង​ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ស្រឡាញ់​ពេញចិត្ត​ខ្លាំង​ជាទីបំផុត។ លោកថា ក្រៅពីក្នុងរង្វង់សិល្បៈហើយនោះ នៅក្រៅសិល្បៈ លោកក៏មានទំនាក់ទំនងល្អជាមួយកញ្ញា រចនា រ៉ា​វ៉ា​ឌី ផងដែរ៕

Telegram-Troryorng
Share.