សកម្ម​ភាព​គំរាម​ភ្ជង់​យក​ប្រាក់​និង​គ្រឿង​អលង្ការ​ចេញ​ពី​ផ្ទះ​ថៅកែ​អនឡាញ​ ឈ្មោះ​ អ៊ាន​ សៀវម៉ី​ ដោយ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ដែល​មាន​គ្នា​ ៥​នាក់​ស្លៀក​ឯក​សណ្ឋាន​សមត្ថកិច្ច​ បាន​ផ្ទុះ​កក្រើក​រាជ​ធានី​ភ្នំពេញ​ និង​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​​សាធារណជន​។ ផ្ទៃ​រឿង​នៃ​អំពើ​គំរាមភ្ជង់​យក​ប្រាក់​ តាម​រយៈ​ការ​​បន្លំ​ខ្លួន​ កាន់​ដី​កា​បង្គាប់​ខ្លួន​ក្លែង​ក្លាយ​ ចូលចាប់​ខ្លួន​ស្ត្រី​ជា​អ្នក​លក់​ឡេ​អនឡាញ​ អា៊ន​ សៀវម៉ី​នេះ​ បើ​ពិនិត្យ​​ឱ្យ​លម្អិត​គឺ​​មាន​ការ​រៀបចំ​គម្រោង​ផែនការ​យ៉ាង​លម្អិត​មិន​ចាញ់​រឿង​ស៊ើប​អង្កេត​ហុង​កុង​ប៉ុន្មាននោះ​ទេ​។

ដំណើរ​ដើម​ទង​នៃ​សាច់​រឿង​ភ្ជង់​គំរាម​យក​ប្រាក់​នេះ​បាន​កើត​ឡើង​ នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ ឆ្នាំ​២០២១ ដោយ​ក្រុម​ចោរ​មាន​គ្នា​៥​នាក់​ស្លៀក​ពាក់​ឯក​សណ្ឋាន​សមត្ថកិច្ច​ កាន់​ដី​បង្គាប់​នាំ​ខ្លួន​ បន្លំ​ចូលចាប់​ខ្លួន​ថៅកែ​ឡេ​ល្បី​ឈ្មោះ​ អ៊ាន សៀវម៉ី រួច​ហើយ​ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​យក​ប្រាក់​តែម្ដង​។ ក្រោយ​ក្រុម​ជន​ល្មើស​ចាកចេញ​ប្រមាណ​៧​នាទី​ ប្អូន​ប្រុស​របស់​ជន​រងគ្រោះ​ បាន​ទូរស័ព្ទ​មក​កាន់​លេខ​១២៩១ របស់​អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​សុំ​ការ​អន្តរាគមន៍​។ កងកម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ និង​បាន​រក​ឃើញ​ដី​កា​បង្គាប់​នាំ​ខ្លួន​ឈ្មោះ​ អ៊ាន សៀវម៉ី ដែល​ជន​ល្មើស​ទម្លាក់​ចោល​ គឺ​ជា​ដី​កា​ក្លែងក្លាយ​ ចំណែក​ឯក​សណ្ឋាន​សមត្ថកិច្ច​ដែល​ក្រុម​ចោរ​បាន​ពាក់​ធ្វើ​សកម្ម​ភាព​នា​ពេល​នោះ​ ក៏​សន្និដ្ឋាន​បាន​ថា​ជា​ការ​ក្លែង​បន្លំ​។

បន្ទាប់មកអាវុធហត្ថរាជធានី ភ្នំពេញ បានបើកកាស្រាវជ្រាវ កំណត់មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថា ករណីនេះ មានជាប់ពាក់ព័ន្ធជាមួយកូនចៅផ្ទាល់របស់ លោកមេបក្សខ្មែរក្រោក គឺលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ឬ​ហៅ William Guang ​ទើប​កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្ងំឃ្លាំមើលមុខសញ្ញា អស់ពេលមួយយប់មួយថ្ងៃ។

យោង​តាម​​របាយការណ៍​ពី​កង​កម្លាំង​រាជ​អាវុធ​ហត្ថ​ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជា​ការ​ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជ​អាវុធហត្ថលេខា​លើ​ផ្ទៃ​ប្រទេស​ និង​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក​ ព្រះរាជ​អាជ្ញា​ ច្រឹងខ្មៅ​ បានចាត់​ឱ្យ​លោក​ព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះ​មក​សម្របសម្រួល​ កម្លាំង​អាវុធ​ហត្ថរាជធានី​ភ្នំពេញ​ដឹកនាំ​ ដោយ​ឧត្តមសេនីយ៍ឯក​ រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​និង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថរាជ​ធានី​ភ្នំពេញ បាន​ចុះ​សំដៅ​ ទៅ​កាន់​ផ្ទះ​របស់​លោក​ William Guang ដែល​ស្ថិត​ក្នុង​បុរី​ប៉េង​ហួត​ ផ្លូវ​៦០ម៉ែត្រ​ ដោយ​ជំហ៊ាន​ដំបូង​ ឃាត់​បាន​មនុស្ស​ចំនួន​២​នាក់​ ដែល​បាន​បើក​ឡាន​ចេញ​ពី​ផ្ទះ​របស់​លោក​យក​ទៅ​សួរនាំ​ រួច​ហើយ​បន្ត​សម្រុក​ចូល​ទៅ​ផ្ទះ​ដែល​ជា​សម្បុក​ចោរ​ ឃាត់​បាន​ខ្លួន​មនុស្ស​១០​នាក់​បន្ថែម​ទៀត​ សរុប​១២​នាក់​ (ប្រុស​៩នាក់​និង​ស្រី​៣​នាក់) ដោយ​ក្នុង​នោះ​រួម​ទាំង​លោក​ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ផង​ដែរ​។

មេ​បក្ស​ខ្មែរ​ក្រោក​ដែល​ជា​មេក្រុមចោរ​ប្រដាប់​អាវុធ​ខាង​លើ​បាន​សារភាព​ថា ប្រតិបត្តិ​ការ​គំរាម​ភ្ជង់​យក​ប្រាក់​ផ្ទះ​ អ៊ាន សៀវម៉ី​គឺ​មាន​រូប​លោក​ជា​អ្នក​ដឹកនាំ​ដោយ​ផ្ទាល់​ រួម​នឹង​កូន​ចៅ​៤​នាក់​ផ្សេង​ទៀត​ ប្រដាប់​ដោយ​អាវុធ​ចំនួន​៥​ដើម​ (AK ១ដើម និង​កាំ​ភ្លើង​ខ្លី​៤​ដើម) បាន​ចូល​ទៅ​បន្លុះ​ជា​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា​ ហើយ​ក៏​ឆ្លៀត​ឱកាស​ ភ្ជង់​បន្ល់​ម្ចាស់​ផ្ទះ​។

បុគ្គល​ឈ្មោះ​ វីល្លៀម​ គ័ង បាន​ឱ្យ​សមត្ថកិច្ច​ដឹងពី​សកម្មភាព​ក្នុង​ពេល​ប្រព្រឹត្តិ​បទ​ល្មើស​នោះ​ថា ពេល​ចូល​ក្នុង​ផ្ទះ​លោក​បាន​កាន់​កាំ​ភ្លើង​ខ្លី​១​ដើម​ ឧបករណ៍​ផ្ដាច់​សេវាទូរស័ព្ទ​១​គ្រឿង​ និង​ស្ពាយ​សាក់​កាដូ​១ តែ​ដោយសារ​តែ​លោក​មីញ៉ូប​ភ្នែក ហើយ​មិនបាន​ពាក់​វែន​តាម ទើប​លោក​ត្រលប់​មក​ក្រោយ​អង្គុយ​ចាំ​ក្នុង​រថយន្ត​វិញ​។ បន្ទាប់​ពី​កូន​ចៅ​ទាំង​៤​នាក់​ធ្វើ​សកម្មភាព​ យក​បាន​គ្រឿង​ពេជ្រ​ជា​ច្រើន​ឈុត​ ទើបនាំ​គ្នា​ចូល​ឡាន​បើក​គេច​ខ្លួន​តែ​ម្ដង​ទៅ​ ប៉ុន្តែ​នៅ​តែ​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​។ ក្រៅ​ពី​កម្លាំង​រាជ​អាវុធ​ហត្ថបង្ក្រាប​ក្រុម​ចោរ​ទាំង​នេះ ក្រុម​នគរ​បាល​​ឯណោះ​វិញ​ ក៏​បាន​ចេញ​ប្រតិបត្តិការ​ដូច​គ្នាដោយ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​មួយ​ស្រី​មួយ​និង​រថយន្ត​ Lexus GS300 ពណ៌​ស អត់​ស្លាក​លេខ​ ដែល​ជន​ល្មើស​គ្រោង​យក​ទៅ​ដុត​កម្ទេច​ចោល​បំបិទ​ភស្ដុតាង​

ថ្វី​ត្បិត​តែ​ក្រុម​ចោរ ​បាន​រៀប​ចំ​ល្បិច​និង​ផែន​ការ​បាន​យ៉ាង​ល្អិតល្អន់​យ៉ាង​ណាក៏​ដោយ ក៏​នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​បំបែក​សំណុំ​រឿង​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​ដដែល​ ព្រោះ​នៅ​ទី​បំផុត​ជន​ល្មើស​ទាំង​អស់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​និង​ដំណើរ​ការ​តាម​ច្បាប់​៕

Telegram-Troryorng
Share.