លោក ហួរ សុបិន បាន​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង នៅក្នុង​សារមន្ទី​ខ្លែង​ថា លោក​ចំណង់​ចំណូលចិត្ត​លើ​វិស័យ​គំនូរ​នេះ​តាំងពី​តូច​មកម្ល៉េះ តែ​ជា​អកុសល លោក​មិនបាន​ចូល​ហ្វឹកហាត់​ថ្វីដៃ​បន្ថែម​នៅក្នុង​សាលា​វិចិត្រសិល្បៈ​នោះទេ តែ​លោក​តាមរក​ក្ដី​ស្រ​ម៉ៃ​ឱ្យ​ទាល់តែ​ជួប។ លោក​បានបញ្ចប់​ការសិក្សា​ផ្នែក​វិ​ជ្ជ​សាស្ត្រ ហើយ​បាន​បោះបង់​ការ​គូររូប​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀតផង។ លុះដល់ដើម​ឆ្នាំ២០១៩ ទើប​លោក​សម្រេចចិត្ត​វិល​មកកាន់​ជក់​គូរគំនូរ​វិញ។ លោក​បាន​វិវឌ្ឍន៍​ទឹកដៃ​នៃ​ការ​គូរ​គំនូរ​ឡើងវិញ​នៅពេលដែល​លោក​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​មួយ​របស់​ក្រុមហ៊ុន ក្បាច់​អាត។

វិចិត្រករ ហួរ  សុបិន បានសម្រេច​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន និង​បាន​ក្លាយជា​ម្ចាស់​ជ័យលាភី​ជាច្រើនជាស្នាដៃ រាល់​គំនូរ​របស់លោក គឺ​សុទ្ធតែ​បង្ហាញ​អំពី​មនុស្ស​ស្រី និង​បង្កប់​អត្ថន័យ​លើកកម្ពស់​មនុស្ស​ស្រី​ឱ្យ​សិទ្ធ​ស្មើរ​គ្នា​នឹង​បុរស។ លោក​តែងតែ​ប្រើ​រចនាបទ​បញ្ចូល​គ្នា​នៃ​ក្បាច់​បែប​ប្រពៃណី និង​សិល្បៈ​សហ​សម័យ និង​ថែមទាំង​បាន​ចូលរួម​ក្នុងការ​ប្រកួត​សិល្បៈ​ជាច្រើន​នៅ​ទូទាំងប្រទេស រហូត​ក្លាយជា​សិល្បករ​ខ្មែរ​ដំបូង​គេ​ដែល​ត្រូវបានតែងតាំង​ឱ្យ​គូររូប​នៅ​អាគារ​រដ្ឋាភិបាល​សាធារណៈ​មួយ​ផងដែរ។ វិចិត្រករ សុបិន បានបង្ហាញ​អត្ត​សញ្ញា​ស្នាដៃ​របស់លោក តាមរយៈ​គំនូរ​មនុស្ស​ស្រីដោយ​ប្រើ​ពណ៌​ខ្មៅ​ប្រផេះ ហើយ​រំលេច​ពណ៌​ខៀវ​នៅ​ផ្ទៃ​ក្រោយ​ឱ្យ​កាន់តែ​រស់​រវើក​ថែមទៀត។

ជាង២ខែ​ចុង​ក្រោយនេះ វិចិត្រករ​រូបនេះ​បាន​នាំយក​ស្នាដៃ​ខ្លួន​ចូលរួម​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ធំៗរួមមាន៖ នៅ​រ៉ូ​ស​វូដ, សារមន្ទីរ​ជាតិ, និង​ពិព័រណ៍​ជា​ក្រុម​របស់ Seeker។ ស្នាដៃ​របស់លោក​រួមមាន​រូប ព្រះ​នាង​ឥន្ទ្រ​ទេវី ដែលជា​ផ្សារភ្ជាប់​ជាមួយនឹង​រូបចម្លាក់​ដ៏​ល្បីល្បាញ​នៃ​រាជវង្ស  រូប​ព្រះ រូប​នារី​របាំ រូបលោក​ស្រី​ប៉ែ​រ៉​ន រូប​បងប្អូន​ស្រី និង​ភាគច្រើន​ជា​រូប​មនុស្ស​ស្រី​តែម្ដង។ សុបិន បាន​ព្យាយាម​សម្រុក​លើកយក​ស្នាដៃ​គំនូរ​ប​ញ្ជ្រៀ​តទៅ​ក្នុង​ព្រឹត្តិការណ៍​ជាច្រើន ក៏​ព្រោះតែ​លោក​ចង់​មាន​ចំណែក​ចូលរួម​លើក​កំពស់​សិល្បៈ​ខ្មែរ។

ស្នាដៃ​របស់លោក ហួរ សុបិន សព្វថ្ងៃនេះ កំពុង​ដាក់តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​ខ្លែង រហូតដល់​ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១នេះ ក្នុង​ពិ​ព័រ​ណ៌​សិល្បៈ​សហ​សម័យ​កម្ពុជា៕

Telegram-Troryorng
Share.