បាងកក៖ សមាជិកព្រឹទ្ធសភាថៃ បានជួបប្រជុំគ្នានៅថ្ងៃអង្គារ សប្ដាហ៍នេះ ដើម្បីបោះឆ្នោតលើការធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាក្លាយជារឿងស្របច្បាប់ ដោយប្រទេសថៃ នឹងក្លាយជាប្រជាជាតិអាស៊ីអាគ្នេយ៍ដំបូងគេដែលទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤។

យ៉ាងណាគេរំពឹងថា ព្រឹទ្ធសភា នឹងអនុម័តច្បាប់នេះ នឹងបន្ដសុំការយល់ព្រមពីព្រះមហាក្សត្រ Maha Vajiralongkorn មុនចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃបន្ទាប់ពីការបោះពុម្ភផ្សាយនៅក្នុងព្រះរាជសារផ្លូវការ។

ក្រោយអនុម័ត ប្រទេសថៃ នឹងក្លាយជាប្រទេសទី៣ ក្នុងទ្វីបអាស៊ី ដែលគូស្នេហ៍ភេទដូចគ្នាអាចចងចំណងអាពាហ៍ពិពាហ៍បាន បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ហើយសកម្មជនកំពុងសង្ឃឹមថា អាពាហ៍ពិពាហ៍ភេទដូចគ្នាដំបូងគេដែលស្របច្បាប់នៅថៃ អាចនឹងត្រូវបានធ្វើឡើងនៅដើមខែតុលា។

ទាក់ទិននឹងបញ្ហានេះ លោក Tunyawaj Kamolwongwat សមាជិកសភាមកពីគណបក្សចលនាឆ្ពោះទៅមុខ បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា «ថ្ងៃនេះជាថ្ងៃដែលពលរដ្ឋថៃនឹងញញឹម។ វា គឺជាជ័យជំនះសម្រាប់ប្រជាជនរបស់យើង ។ «​ទី​បំផុត​ ថ្ងៃ​នេះ​កំពុង​កើត​ឡើង​នៅ​ប្រទេស​ថៃហើយ»។

ច្បាប់​ថ្មី​នេះ នឹង​ផ្ដល់​សិទ្ធិ​​គ្រប់​បែប​យ៉ាង​ឱ្យ​គូ​ស្នេហ៍​ភេទ​ដូច​គ្នា ​ឱ្យ​ដូច​ទៅ​​​គូ​ស្វាមី​ភរិយា​ផ្សេងៗ​ដែរ ដែល​មាន​ដូចជា ច្បាប់​ចិញ្ចឹម​​បីបាច់​កូន និង​ការ​​​ស្នង​មរតក ជា​ដើម។

នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន ដែល​ជា​អ្នក​គាំទ្រ​ដោយ​បើក​ចំហ​​ចំពោះ​​សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា (LGBTQ) បានឱ្យ​ដឹង​ថា លោក ​នឹង​​​រៀបចំ​កម្មវិធី​ជប់លៀង​មួយ​សម្រាប់​ក្រុម​សកម្មជន​គូ​ស្នេហ៍​ភេទ​ដូច​គ្នា នៅ​គេហដ្ឋាន​​របស់​លោក ក្រោយ​​ពី​​​​ការ​បញ្ចប់​ការ​បោះឆ្នោត​នៅ​រសៀល​ថ្ងៃ​នេះ។

សូមជម្រាបថា ការទទួលស្គាល់លើអាពាហ៍ពិពាហ៍ភេទដូចគ្នា កើតមានលើប្រទេសជាង៣០ រួចមកហើយ ដែលក្នុងនោះ ហូឡង់ គឺជាប្រទេសដំបូងគេលើពិភពលោក ដែលអនុញ្ញាតឱ្យមនុស្សភេទដូចគ្នារៀបការជាមួយគ្នាដោយស្របច្បាប់ គិតចាប់តាំងពីឆ្នាំ២០០១ មកម្ល៉េះ។ ដោយឡែកនៅក្នុងអាស៊ី មានតែប្រទេស២ ប៉ុណ្ណោះ ដែលទទួលស្គាល់ច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា នោះគឺ នេប៉ាល់ និងតៃវ៉ាន់។ ខណៈប្រទេសឥណ្ឌា កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ក៏​ត្រៀម​​​ចេញ​ច្បាប់​ថ្មី​នេះ​ផង​ដែរ តែ​ត្រូវ​បាន​ច្រានចោល​វិញ ​ដោយ​តុលាការ​កំពូល បើ​ទោះ​ជា​មាន​ការ​​យល់​ព្រម​ពី​​សភា​ក៏​ដោយ៕

ប្រភព៖ CNA

Share.