ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណី ប្រើល្បិចឆបោកថ្មី ដោយក្លែងឯកសារវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដើម្បីដាក់បញ្ចាំ ឬដាក់លក់ដី ។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញនគរបាលយុត្តិធម៌នៃផ្នែកស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងបទក្លែងបន្លំឯកសារសាធារណៈនិងឆបោក ។

កម្លាំងជំនាញនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលជាម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុមួយកន្លែងមានទីតាំងស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ បានបញ្ជាក់ថា ថ្មីៗនេះខ្ញុំបាទទើបតែទទួលបានព័ត៌មាន និងឯកសារថតចម្លងពីបុគ្គលផ្សេងទៀតបង្ហាញថា វិញ្ញាបនបត្រសម្គាល់អចលនវត្ថុរបស់ខ្លួនត្រូវបានផ្ទេរចេញទៅឈ្មោះ ឈឿង ច័ន្ទពិសិដ្ឋ និងឈ្មោះ ទុំ ដាឡែន ទៅវិញ ដែលការពិតដីនេះលោកពុំធ្លាប់បានលក់ដូរនោះឡើយ។

បន្ទាប់ពីសមត្ថកិច្បានចធ្វើការស៊ើបអង្កេតបឋមតាមនីតិវិធីរួចមក បានរាយការណ៍ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងរហូតឈានដល់ការនាំខ្លួនបុគ្គលសង្ស័យឈ្មោះ ឈឿង ពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ តាម ដីកាបញ្ជាឱ្យចូលខ្លួនលេខៈ ៣១៧ អ.យ.ក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ៕

អត្ថបទ៖ចតុមុខ

Share.