ថ្មីៗនេះសិក្ខាសាលាស្តីពី «វិការភាពនៃការប្រើភាសាខ្មែរបច្ចុប្បន្ន» រៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សមាសភាពចូលរួមក្នុងអង្គសិក្ខាសាលា គឺថ្នាក់ដឹកនាំមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ពិធីករ ពិធីការិនី កវី អ្នកនិពន្ធ និងមន្ត្រីរាជការសរុប១៨៩នាក់។

សិក្ខាសាលាផ្តោតលើប្រធានបទចំនួន៥ចំណុចចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់ភាពខ្មែរ និងអំពីវិការភាពនៃភាសាខ្មែរដល់ពិធីករ ពិធីការនី និងសិក្ខាកាមរួមមាន៖ ១-វិការភាពនៃការប្រើភាសាក្នុងរូបសញ្ញាផ្សព្វផ្សាយជាសាធារណៈ ២-វិការភាពនៃការប្រើភាសាក្នុងប្រព័ន្ធផ្សព្វផ្សាយ ៣-វិការភាពនៃការប្រើភាសាក្នុងការតែងនិពន្ធ ៤-ការប្រើភាសាសង្ឃសព្ទ រាជសព្ទ និងប្រជាសព្ទ ៥-ក្រមសីលធម៌ក្នុងការប្រើភាសាខ្មែរ។

តាមការលើកឡើងរបស់ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃ ក្រសួងវប្បធម៌ ឱ្យដឹងថា វិការភាព នៃការប្រើប្រាស់ភាសាខ្មែរ បច្ចុប្បន្ននេះមាន ៣ ប្រភេទគឺ ១. វិការភាពក្នុងរូបសាស្ត្រ បានសេចក្តីថា កំហុស ឬ ភាពមិនត្រឹមត្រូវក្នុងការសរសេរផ្សេងៗ , ២.វិការភាពក្នុងសូរសាស្ត្រ ពោលគឺកំហុស ឬភាពមិនត្រឹមត្រូវការនិយាយស្តី ការអាន ការបញ្ចេញសូរសំឡេង និង ៣.វិការភាពក្នុងនិឃណ្ដសាស្ត្រ ពោលគឺកំហុស ឬ ភាពមិនត្រឹមត្រូវការប្រើប្រាស់ន័យសេចក្តី។

ក្នុងនោះដែរ វិការភាពទាំង ៣ ប្រភេទនេះ ត្រូវបានគេមើលឃើញនៅគ្រប់សង្គម គឺទាំងនៅទីសាធារណៈ ក្នុងប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែត ពិធីករ ពិធីការិនី អ្នកអានព័ត៌មាន អ្នកបញ្ចូលសំឡេង អ្នកធ្វើអត្ថាធិប្បាយ ស្លាកយីហោ ពាណិជ្ជនាម បដា បណ្ណផ្សព្វផ្សាយ និងបណ្តាញសង្គមជាដើម។

ឯកឧត្តមបណ្ឌិត គឹម ពីនន់

យ៉ាងណាមិញវិការភាពក្នុងការប្រើភាសាខ្មែរ គឺសំដៅលើការប្រើប្រាស់ពាក្យពេចន៍ក្នុងការនិយាយស្តី ការអាន ការបញ្ចេញសំឡេង និងការសរសេរមិនបានត្រឹមត្រូវ ទៅតាមនិយាមក្បួនខ្នាត និងន័យសេចក្តី និងពាក្យអសុរោះ ខ្វះសីលធម៌ ជាដើម។ ដោយហេតុថាមិនទាន់ចុះសម្រុងគ្នាទាំងស្រុង ក្នុងការប្រើប្រាស់ភាសាក្នុងការនិយាយស្តី បញ្ចេញសូរសំឡេង និងការសរសេរ ទើបវចនានុក្រមសម្តេចព្រះមហាសង្ឃរាជ ជួន ណាត ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ឬជាគោល ដែលនិយាយម្យ៉ាងទៀតថា រាល់ការនិយាយស្តី បញ្ចេញសំឡេង និងការប្រកប ឬ ការសរសេរ ត្រូវយកតាមវច្ចនានុក្រមសម្តេចព្រះមហាសង្ឃរាជ ជួន ណាត។

Share.