សេតវិមានបានព្រមានកាលថ្ងៃ អង្គារ ថា ទីក្រុង វ៉ាស៊ីនតោន និង ទីក្រុង សេអ៊ូល កំពុងរៀបចំផែនការឆ្លើយតប «ដោយសមស្របប្រកបដោយប្រសិទ្ធភាព» ប្រសិនបើកូរ៉េខាងជើងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ០៤ ខែ មករា ឆ្នាំ ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្ដិសុខជាតិនៅឯសេតវិមានបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រគល់ភារកិច្ចឲ្យក្រុមការងារនៃប្រទេសទាំង២ ដើម្បីរៀបចំផែនការសម្របសម្រួល និងសម្រាប់ការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពមួយទៅនឹងគ្រប់សេណារីយ៉ូទាំងអស់ ក្នុងនោះរួមមានទាំងការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។

ការព្រមានខាងលើកើតឡើង បន្ទាប់ពីមានការភ័ន្តច្រឡំនៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ពាក់ព័ន្ធនឹងការចាត់វិធានការឆ្លើយតបចំពោះការគំរាមកំហែងដោយការវាយប្រហារអាវុធនុយក្លេអ៊ែរពីទីក្រុង ព្យុងយ៉ាង។

កាលពីថ្ងៃ ច័ន្ទ លោក Biden បាននិយាយថា «ទេ» នៅពេលត្រូវបានគេសួរថា តើសមយុទ្ធនុយក្លេអ៊ែររួមមានលទ្ធផលយ៉ាងណាដែរ ដែលចម្លើយនេះហាក់ដូចជាផ្ទុយនឹងការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងជើងមុននេះ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្ដិសុខជាតិសេតវិមាន (NSC) បានបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នាមិនមែនជាជម្រើសទេ ព្រោះកូរ៉េខាងត្បូងមិនមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តយ៉ាងពេញលេញក្នុងការការពារសម្ព័ន្ធមិត្តពីការវាយប្រហារទាំងឡាយ។

យ៉ាងណាម៉ិញ ការិយាល័យរបស់លោក Yoon Suk-yeol នៅទីក្រុង សេអ៊ូល បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «សម្ព័ន្ធមិត្តកំពុងពិភាក្សាលើការចែករំលែកព័ត៌មាន ផែនការរួម និង ផែនការអនុវត្តរួមដែលបន្ដទាក់ទងនឹងប្រតិបត្តិការនៃអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»៕

ប្រភព៖ CNA

Share.