កណ្តាល ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកប្តីរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះទាក់ដៃចង្កូតជាមួយម៉ូតូផ្សេងដួល ហើយត្រូវបានរថយន្តបុកកិនបន្ថែម កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ស្ត្រីរងគ្រោះស្លាប់នៅកន្លែងមានឈ្មោះ អៀ ស្រីនាថ អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ប្តីរងរបួសស្រាល ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JW-7595 ឌុបគ្នា ពីលិចទៅកើត ដល់ចំណុចកើតហេតុ ទាក់ដៃចង្កូតគ្នាជាមួយម៉ូតូផ្សេង ដួលខ្ទាតទៅបំណែកផ្លូវម្ខាងទៀត ហើយក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកពីកើតទៅលិចបុកកិនបន្ថែម បណ្តាលឱ្យស្លាប់ប្រពន្ធភ្លាមៗនៅកន្លែង ប្តីរងរបួសស្រាល ចំណែកម៉ូតូ និងរថយន្ត ម្ខាងទៀតបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចចុះពិនិត្យស្លាកស្នាម ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋានស្រុក ដើម្បីបន្តធ្វើការស្រាវជ្រាវ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.