![](https://cdn.troryorng.com/wp-content/uploads/2022/11/28054332/photo_2022-11-29_22-34-24-1024x581.jpg)
ទីបំផុត «គុនល្បុក្កតោ» ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបិយពិភពលោករបស់មនុស្សជាតិ ដោយអង្គការយូណេស្កូ UNESCO ជាផ្លូវការ ក្រោយសម្រេចនៅក្នុងកិច្ចប្រជុំនាប្រទេសម៉ារ៉ុក នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង១០:៣៥នាទីយប់។
យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:
![](https://cdn.troryorng.com/wp-content/uploads/2022/11/28054330/photo_2022-11-29_23-05-05-1-726x1024.jpg)
ល្បុក្កតោ ឬ ជាអក្សរឡាតាំង Bokator ឬ Labokkatao គឺជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។
![](https://cdn.troryorng.com/wp-content/uploads/2022/11/28054333/photo_2022-11-29_22-34-31-1024x562.jpg)
«ល្បុក្កតោ» គឺជាបន្សំនៃពាក្យ ល្បុក្ក បូកនឹង តោ មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ ល្បុក្កតោត្រូវបានយកទៅប្រយុទ្ធគ្នានៅសមរភូមិ។ ល្បុក្កតោជាក្បាច់គុនដែលប្រើកែង ជង្គង់ ស្នងជើង ដៃ ជើង និងក្បាលជាដើម។ ក្នុងនោះ ស្នា ត្រគាក និង ម្រាមដៃសុទ្ធតែអាចប្រើដើម្បីសម្លាប់គូបដិបក្ខបាន។ អាវុធដំបងឫស្សី និង ដំបងខ្លីក៏ត្រូវបានគេប្រើប្រាស់ដែរ។
ការប្រើក្រមា នៅពេលគេវាយគ្នា គេតែងតែពាក់ឯកសណ្ឋានដូចទៅនឹងទាហានខ្មែរកាលសម័យបុរាណអញ្ចឹង។ ក្រមាត្រូវបានគេចងជុំវិញចង្កេះ ហើយ រង្វេលសូតពណ៌ក្រហម ត្រូវគេឲ្យឈ្មោះថា «ថ្ងៃសង្វារ» ដែលគេចងជុំវិញក្បាល។ ល្បុក្កតោមានក្បាច់ជាច្រើនដូចជាក្បាច់សេះ ក្បាច់ទា ក្បាច់តោ ក្បាច់បក្សី ក្បាច់ស្ដេចស្វា ក្បាច់ដំរី ក្បាច់អប្សរា និង ក្បាច់ក្រពើជាដើម។
![](https://cdn.troryorng.com/wp-content/uploads/2022/11/28054334/5fbe34ffb152b_1606300920_medium.jpg)
បន្ទាប់ពី «គុនល្បុក្កតោ» ត្រូវចុះបញ្ជីដោយជោគជ័យនោះ ក្បាច់គុនបុរាណខ្មែរនេះនឹងក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកទី៩របស់កម្ពុជាបន្ទាប់ពី៖ តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី), របាំព្រះរាជទ្រព្យ (អរូបី), ៣. ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី), ៤. ប្រាសាទព្រះវិហារ (រូបី), ៥. ល្បែងទាញព្រ័ត្រ (អរូបី), ៦. ចាប៉ីដងវែង (អរូបី), ៧. ប្រាសាទសំបូរព្រៃគុក (រូបី) និង ៨. ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី)។
គួរដឹងថាការស្នើសុំដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រោមការចង្អុល បង្ហាញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ២០១០ មកដល់ឆ្នាំ ២០២២ ទើបទទួលបានជោគជ័យ៕
![](https://cdn.troryorng.com/wp-content/uploads/2022/11/28054335/5fbe350128a1b_1606300920_medium.jpg)
![](https://cdn.troryorng.com/wp-content/uploads/2022/11/28061227/Troryorng-Telegram-1-1024x126-1-1.jpg)