សហរដ្ឋអាមេរិកបានអំពាវនាវកាលពីថ្ងៃអាទិត្យ ឱ្យទីក្រុងប៉េកាំង បញ្ឈប់សកម្មភាព «គ្រោះថ្នាក់ និងអស្ថិរភាព» របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីទូករបស់ហ្វីលីពីន និងកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិនបានបុកគ្នានៅជិតថ្មប៉ប្រះទឹកដែលមានជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេសទាំង២ បានទម្លាក់កំហុសដាក់គ្នា បន្ទាប់ពីកើតមានឧប្បត្តិហេតុខាងលើ ដែលជាការប្រឈមមុខដាក់គ្នាចុងក្រោយបំផុត នៅក្នុងសមុទ្រដែលមានជម្លោះ។

ការប៉ះទង្គិចគ្នានេះ បានកើតឡើងអំឡុងបេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីន សម្រាប់ទាហានរបស់ខ្លួនមួយក្រុមតូចដែលឈរជើងនៅតំបន់ថ្មប៉ប្រះទឹកកំពុងមានវិវាទ Second Thomas Shoal នៃប្រជុំកោះ Spratly ដែលជាចំណុចក្ដៅរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង មួយថ្ងៃមុនមានហេតុការណ៍​​​បុកគ្នានេះ ហ្វីលីពីនក៏បានចោទឆ្មាំសមុទ្រចិនថា បានប្រើកាណុងបាញ់ទឹក និងសមយុទ្ធដោយមិនប្រុងប្រយ័ត្ន រួមទាំងការបង្ខំឱ្យបុកគ្នា បណ្តាលឱ្យខូចខាតដល់នាវាហ្វីលីពីន ដែលបំពេញបេសកកម្មផ្គត់ផ្គង់ជាផ្លូវការទៅកាន់ទីតាំងទាំងនោះ និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពនាវិកហ្វីលីពីនផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សកម្មភាពទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការមិនយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជនហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ច្បាប់អន្តរជាតិផងដែរ»។

គួររំលឹកថា ភាពតានតឹងរយៈពេលវែងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង លើសមុទ្របានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីឧប្បត្តិហេតុជាច្រើនពាក់ព័ន្ធនឹងនាវាហ្វីលីពីន និងចិន រួមទាំងការប៉ះទង្គិចគ្នា២លើកមុន។

ខណៈប្រទេសចិន ទាមទារកាន់កាប់ស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងដែនទឹក និងកោះនៅជិតច្រាំងនៃប្រទេសជិតខាងរបស់ខ្លួន ហើយបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ដែលថា ការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់។ ប្រទេសចិន បានដាក់ពង្រាយទូកដើម្បីល្បាតតាមផ្លូវទឹកដ៏មមាញឹក និងបានសាងសង់កោះសិប្បនិម្មិតដែលខ្លួនបានធ្វើយោធា ដើម្បីពង្រឹងការទាមទាររបស់ខ្លួនផងដែរ។

លោក Miller បាននិយាយថា «សេចក្តីសម្រេចឆ្នាំ២០១៦ របស់សាលាក្តី គឺជាការសម្រេចចុងក្រោយ និងមានកាតព្វកិច្ចស្របច្បាប់លើ PRC និងហ្វីលីពីន»។ លោកបានបន្ថែមថា «សហរដ្ឋអាមេរិក អំពាវនាវឱ្យចិនអនុវត្តតាមសាលក្រមតុលាការអន្តរជាតិ គោរពតាមសេចក្តីសម្រេច និងបញ្ឈប់រាល់ការប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់ និងអស្ថិរភាព»។

ទាក់ទិននឹងបញ្ហានេះ លោក Miller បាននិយាយថា «សហរដ្ឋអាមេរិក ឈរជាមួយសម្ព័ន្ធមិត្តហ្វីលីពីនរបស់យើង ក្នុងការប្រឈមមុខនឹងសកម្មភាពដ៏គ្រោះថ្នាក់ និងផ្ទុយទៅនឹងច្បាប់»។

សូមជម្រាបថា ទំនាក់ទំនងរវាងចិន និងហ្វីលីពីន បានធ្លាក់ចុះដុនដាបខ្លាំង នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ដែល បាន និងកំពុងបោះដៃកាន់តែខ្លាំងទៅរកសហរដ្ឋអាមេរិក និងប្រឆាំងតបតទៅនឹងសកម្មភាពរបស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូង៕

ប្រភព៖ CNA

Share.