ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៥នាក់ រងរបួសធ្ងន់ស្រាល ដេកដួលរណូករណែលពេញផ្លូវ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងម៉ូតូហុងដាចំនួន៣គ្រឿងបើកបុកគ្នា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្លូវបេតុងលេខ១ ភូមិព្រៃជីសាក់ សង្កាតើចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូ ម៉ាកងុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1GO-0789 ជិះគ្នា៣នាក់ បើកដោយបុរសម្នាក់ ឌុបស្រី២នាក់ បើកល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកម៉ូតូច្រាសទិស២គ្រឿង ដែលជិះ២នាក់ប្តីប្រពន្ធ មួយគ្រឿងម្នាក់ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1Y-6201 ជិះដោយស្ត្រីជាប្រពន្ធ និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IK-3823 ជិះដោយបុរសជាប្តី បណ្តាលឲ្យរងរបួសធ្ងន់៤នាក់ ប្រុស១នាក់ ស្រី៣នាក់ ចំណែកបុរសម្នាក់ រងរបួសស្រាល ជាអ្នកបើកបរម៉ូតូ ស្លាកលេខ ភ្នំពេញ 1IK-3823 ។

ក្រោយកើតហេតុ រថយន្តគ្លីនិកឯកជនចំនួន២គ្រឿង បានមកដណ្តើមគ្នាដឹក ខាងរថយន្តគ្លីនិកស័ង្គម៉ារី ដណ្តើមយកបានជនរងគ្រោះ២នាក់ ចំណែកខាងរថយន្តសម្ភពដែនជ័យ ដណ្តើមអូសដៃឡើងរថយន្តបាន៣នាក់ បន្សល់ទុកតែម៉ូតូចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.