ភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រចំនួន៧នាក់ ប្រុស៣នាក់ ស្រី៤នាក់ នាំគ្នាដើរលេង ផឹកសុីដាច់យប់។ លុះវិលត្រឡប់ទៅវិញ ជួបគ្រោះថ្នាក់ចរាចរ ជិះម៉ូតូ៣គ្រឿង បើកបោះពួយល្បឿនលឿន ជ្រុលបុកចូលរថយន្តធុនធំ អូសសណ្តោងទ្រុងរុឺម៉ក បណ្តាលឲ្យរបួសធ្ងន់ស្រាលទាំង៧នាក់ ស្រី៤នាក់ កាលពីវេលាម៉ោង៣និង៤៥នាទី ទៀបភ្លឺថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្លូវខាងជើងជាប់ស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ មនុស្សមួយក្រុមគ្នា៧នាក់ ប្រុស៣នាក់ ស្រី៤នាក់ ជិះម៉ូតូ ៣គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JH-6979 ជិះដោយបុរសម្នាក់ ឌុបនារី២នាក់ , ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២៣ អត់មានស្លាកលេខ ជិះដោយបុរសម្នាក់ ឌុបនារីម្នាក់ , ម៉ាក MSLAZ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BL-5794 ជិះដោយបុរសម្នាក់ ឌុបនារីម្នាក់ ។ សរុបមួយក្រុមគ្នា៧នាក់ ម៉ូតូ៣គ្រឿង ទើបចេញពីផឹកសុីក្នុងក្លឹប ជិះប្រជែងគ្នា៣គ្រឿងល្បឿនលឿន តាមផ្លូវចោមចៅ ពីត្បូងទៅជើង ចុះផ្លូវក្រោមដីនៃស្ពានអាកាសចោមចៅ បត់សំដៅឡើងផ្លូវជាតិលេខ៤ ហើយទើបតែឡើងផុតពីផ្លូវក្រោមដី បុកចូលរថយន្តធុនធំ ម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហម ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9629 អូសសណ្តោង រុឺម៉កទ្រុង ពាក់ស្លាកលេខ ភ្នំពេញ 4A-8690 បើកផ្លូវត្រង់ពីកើតទៅលិច ផ្លូវសហព័ន្ធរុស្សុី ឆ្ពោះផ្លូវជាតិលេខ៤ មាន មួយគ្រឿងកៀបជាប់ពីក្រោមរថយន្ត របួសធ្ងន់ស្រាល៧នាក់ ម៉ូតូខូចខាត៣គ្រឿង ។

ក្រោយកើតហេតុ ជនរងគ្រោះប្រុសស្រី ទាំង៧នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដណ្តើមគ្នាដឹកយកទៅ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហើយត្រូវបានតំណាងរថយន្តចេញមុខដោះស្រាយ ដោយចេញថ្លៃព្យាបាលរបួសទាំង៧នាក់ និងថ្ងៃជួសជុលម៉ូតូ ទាំង៣គ្រឿង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ នាព្រឹកថ្ងៃដដែល ៕

អត្ថបទ៖តាតុង សែនជ័យ

Share.