កំពង់ធំ ៖ មនុស្ស៣នាក់ ស្រី១នាក់ បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកក្មេងប្រុស១នាក់ អាយុទើបតែ៧ខែ រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តSG300បើកបុកម៉ូតូសង់កូរ៉េជិះឌុបគ្នាឆ្លងផ្លូវ កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតក្នុងភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ស្លាប់ទាំង៣នាក់រួមមាន៖ ទី១ ឈ្មោះ នី ជី ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូ សង់កូរ៉េ ពណ៌ក្រហម អត់ស្លាកលេខ , ទី២ ឈ្មោះ នី ចាន់ថន ភេទស្រី អាយុ២៧ឆ្នាំ , ទី៣ ឈ្មោះនិន ណារ៉ុង ភេទប្រុស អាយុ៥ឆ្នាំ ។ ចំណែកក្មេងប្រុស១នាក់ រងរបួសធ្ងន់ ឈ្មោះ រ៉ុន ស្មី អាយុ៧ខែ ។ ជនរងគ្រោះមួយគ្រួសារខាងលើ មានទីលំនៅភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ភាគីខាងរថយន្តម៉ាក ឡិចសុីស GS300ពណ៌ស ពាក់លេខ កម្ពុជា UNTH 9617 បើកបរដោយឈ្មោះ រ័ត្ន ស្រីនាង ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ រថយន្តបើកល្បឿនលឿនពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់ តែ ជនរងគ្រោះជិះម៉ូតូពីកើតទៅលិច ឆ្លងផ្លូវពីជើងទៅត្បូង រថយន្តហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹង ស្លាប់៣នាក់ របួសធ្ងន់ម្នាក់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីបើកបររថយន្ត និងយករថយន្ត ម៉ូតូ ទៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.