នៅល្ងាច ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នេះ ជារៀបចំសាកល្បងដូចទៅនឹងការរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខដែរ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ។

ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ត្រូវរៀបចំផ្ដោតលើគោលបំណងសំខាន់ៗចំនួន៥ចំណុចរួមមាន៖
១-ផ្ដល់ឱកាសដល់សហព័ន្ធកីឡាជាតិ បានដាក់មន្ដ្រីបច្ចេកទេសដែលបានបណ្ដុះបណ្ដាលរួចឲ្យអនុវត្តក្នុងការរៀបចំប្រកួតជាក់ស្ដែងនៅលើទីលានដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍នៃការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
២-កីឡាករកីឡាការិនីបានវាស់ស្ទង់គុណផលកីឡានិងទទួលបានបទពិសោធន៍នៃការប្រកួត។
៣-អាចប៉ាន់ស្មានតម្រូវការទីលាននិងសម្ភារឧបករណ៍បច្ចេកទេសតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម។
៤-តេស្ដសាកល្បងនៃការរៀបចំពិធីបើកបិទឲ្យស្របតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម។
៥-ជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងជាការពង្រឹងការរៀបចំការប្រកួតក្នុងបរិបទនៃជំងឺកូវីដ១៩ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ(SOP)និងការគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឲ្យបាន ត្រឹមត្រូវនិងម៉ឺងម៉ាត់។

កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមាន ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន ៧ ដែលមានវិញ្ញាសា ចំនួន ៤០៥ ប្រកួតលើទីតាំង ចំនួន ៥រាជធានី ខេត្ត រួមមាន ៖ ភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។

ក្នុងចំណោម ៣៨ ប្រភេទកីឡានោះមាន៖ អត្ដពលិកម្ម, ហែលទឹក, វាយសី, បាល់បោះបុរស, បាល់ទាត់, បាល់ទះ+បាលទះឆ្នេខ្សាច់, ប្រដាលសកល, ប្រដាល់គុនខ្មែរ, ចំបាប់, វាយកូនឃ្លីលើតុ, តេក្វាន់ដូWT, តេក្វាន់ដូ ITF, វាយកូនបាល់, ប៉េតង់, ល្បុកត្តោ, កាយសម្ព័ន្ធ, វ៉ូវីណាម, យូដូ, ការ៉ាតេ, ទោចក្រយាន, ទ្រីយ៉ាត្លុង, សីដក់, សូហ្វតិន្នីស, អុកចត្រង្គ, ម៉ូតូទឹក, វ៉ូស៊ូ, ហ៊ុកគី, រាំ, ឃីកប៊ុកស៊ីង, កាយវប្បកម្ម, គុនដាវ, ជីជិតស៊ូ, ទូកប្រពៃណី, វាយកូនគោល, ទូកក្ដោង, លើកទម្ងន់, ប៊ីយ៉ា ស្នូឃ័រ, គ្រិកឃីត។ 
 
ចំណែកកីឡាប៉ារ៉ាឡាំពិក មាន៧ប្រភេទ ដូចជា៖ អត្ដប៉ារ៉ាឡាំពិក, ហែលទឹកប៉ារ៉ាឡាំពិក, បាល់បោះ, កូនឃ្លីលើតុ, បាល់ទះ, វាយសី, បូស្យា។ ខណ:កីឡាជាតិលើកទី៣ ចាប់ផ្តើមឡើងពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕

Share.