សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានបង្ហាញឈ្មោះប្រទេសចំនួន៣៥ ដោយបែងចែកជា៥តំបន់ ដើម្បីបញ្ជូនក្រុមចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup ឆ្នាំ២០២៣ ខាងមុខ។ ដោយក្នុងនោះមានអាស៊ីខាងលិចមាន៨ប្រទេស, អាស៊ីអាគ្នេយ៍មាន១០ប្រទេស, អាស៊ីកណ្ដាល៤ប្រទេស, អាស៊ីខាងត្បូង៧ប្រទេស និងអាស៊ីខាងកើត៦ប្រទេស។
សម្រាប់កម្ពុជា ស្ថិតក្នុងតំបន់អាស៊ាន ដោយមានកន្លះកៅអីប៉ុណ្ណោះ ពោលគឺស្ថិតក្នុងវគ្គជម្រុះ ស្របពេលចន្លោះឆ្នាំ២០២១ និង២០២២ កម្ពុជា មានក្រុមចំនួន២ ចូលរួមប្រកួតក្នុងពាននេះ ដោយ១ក្រុមនៅក្នុងវគ្គចែកពូល និង១ក្រុមទៀតស្ថិតនៅវគ្គជម្រុះ។
បើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodian Premier League បានឲ្យដឹងថាម្ចាស់ជ័យលាភី នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ គឺជាក្រុមតែមួយគត់ដែលអាចចូលរួមក្នុង AFC Cup ២០២៣-២០២៤ ដើម្បីតំណាងឱ្យប្រទេសកម្ពុជា។
អ្វីដែលគួរឱ្យកត់សម្គាល់នោះក្រុមរបស់អូស្រ្តាលី បានធ្លាក់ចេញពីពាន AFC Champion League មកលេងក្នុងពាន AFC Cup ហើយក្រុមរបស់វៀតណាម បានឡើងទៅលេង AFC Champion League វិញម្តង។
តារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី២៥ ខណ:នៅសល់តែ២សប្តាហ៍ទៀតទើបបញ្ចប់រដូវកាល៖
១. វិសាខា ស្ថិតនៅកំពូលតារាង ជាមួយ៤៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៥ ស្មើ៤ និងចាញ់៦
២. ព្រះខ័នស្វាយរៀង ស្ថិតនៅលេខ២ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៧
៣. ភ្នំពេញក្រោន ស្ថិតនៅលេខ៣ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៣ ស្មើ៧ និងចាញ់៥
៤. បឹងកេត ស្ថិតនៅលេខ៤ ជាមួយ៣៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់៨។
កម្មវិធីប្រកួត និងការផ្សាយផ្ទាល់ (សប្តាហ៍ទី២៦)