បន្ទាយមានជ័យ៖ អគ្គនាយករង មជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា តំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានអំពាវនាវប្រជាពលរដ្ឋនិងក្មួយៗ សូម ចៀសវាងតំបន់សង្ស័យ តំបន់មានដាក់ផ្លាកសញ្ញាចម្ការមីន ដែលអាចបង្កអោយមានគ្រោះថ្នាក់បាន។ ហើយនៅពេលដែលឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ ឬគ្រាប់អ្វីចំឡែកគឺហាមប៉ះពាល់ជាដាច់ខាត ត្រូវរាយការណ៍ប្រាប់ប្រធានភូមិ ឬសមត្ថកិច្ច។

នេះបើតាមកាលើកឡើង របស់ឯកឧត្តម អ៊ុ ភូមិរ៉ូ ក្នុងពិធីសម្ពោធសាលាបឋមសិក្សាកុម៉ាក់ស៊ុ និងសមទ្ធិផលផ្សេងៗក្នុងសាលានៅពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិស្រឡៅជ្រុំឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ នៃគម្រោងកសាងភូមិសុវត្ថិភាពនៃកិច្ចសហប្រតិបត្តិការរវាងCMAC និងJMAS ក្រោម ការឧបត្ថម្ភដោយក្រុមហ៊ុនជប៉ុន កុម៉ាត់ស៊ុ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានថ្លែងអំណរគុណ និងដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ក្រុមហ៊ុនកូម៉ាត់ស៊ូ អង្គការJMAS ព្រមទាំងសប្បុរសជនទាំងអស់ ដែលតែងតែឈរជាមួយប្រជាជនកម្ពុជា និងអង្គភាពស៊ីម៉ាក់ ក្នុងបុព្វហេតុនិងសកម្មភាពសង្គ្រោះអាយុជីវិត និងគាំទ្រដល់ការអភិវឌ្ឈន៏ប្រទេសកម្ពុជា តាមរយៈការបោសសំអាតមីននិងជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា សម្រាប់ ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់និងចូលអបអរសាទរ ដល់ក្មួយៗ សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ ដែលបានទទួលនូវចំណងដៃដ៏ប្រពៃ ជាសាលារៀនមួយខ្នង ដែលយើងសម្ភោធនាថ្ងៃនេះ ជាជំនួយពីប្រជាជនជប៉ុន ដែលធ្វើអោយការសិក្សារបស់ ក្មួយៗសិស្សានុសិស្សនិងការបង្រៀនរបស់លោកគ្រូអ្នកគ្រូ កាន់តែមានផាសុខភាពនិងភាពងាយស្រួលហើយសូមប្រើប្រាស់និងថែរក្សាសាលារៀននេះ ប្រកបដោយចេរភាពនិងគុណភាពបានយូរអង្វែង។


ឯកឧត្តម អ៊ុ ភូមិរ៉ូ បានមានប្រសាសន៍ថា រយៈពេល៣០ឆ្នាំ កន្លងមកនេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី អង្គភាពCMAC ក្នុងនាមជាស្ថាប័នជាតិ បានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យគួរជាទីមោទនៈ និងមានការទទួលស្គាល់ ទាំងកម្រិតជាតិនិងអន្ដរជាតិ។ គិតត្រឹមខែកញ្ញាឆ្នាំ២០២២នេះ អង្គភាពCMAC បាន សម្រេចរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ ចំនួនជាង១,៦០០គីឡូម៉ែត្រក្រឡា ស្មើនឹង ប្រមាណជាង៥០%នៃសមិទ្ធ ផលសរុបនៃប្រតិបត្តិករទាំងអស់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និង រុករកឃើញ កម្ទេចចោលគ្រាប់មីននិង យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ចំនួន ២,៩៤៦,៩៣៣គ្រាប់ ។


ឯកឧត្តបញ្ជាក់ថា អង្គភាពCMAC ក៏បាន កសាងកម្លាំងស្ម័គ្រចិត្តតាមភូមិអាទិភាពខ្ពស់ ចំនួនជាង ៣,៥០០ ភូមិ និងមានបណ្ដាញស្ម័គ្រចិត្តចំនួនជិត៤,២០០នាក់នៅទូទាំងប្រទេស សម្រាប់បម្រើការងារ អប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដល់ប្រជាពលរដ្ឋចំនួន១លានទៅ១លាន២សែននាក់ក្នុងមួយឆ្នាំៗ ដែលនេះបានធ្វើឲ្យអត្រា គ្រោះថ្នាក់ ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះធ្លាក់ចុះជាបន្ដបន្ទាប់គិតត្រឹមខែមិថុនា ឆ្នាំ២០២២មានចំនួន៤០នាក់៕

អត្ថបទ៖ ប៉ោយប៉ែត

Share.