សិល្បៈ​ជាតិ​៖ លោក​ សាពូន​ មីដាដា បាន​ចេញ​មក​ទម្លាយ​​អារម្មណ៍​ពិត​របស់​ខ្លួន​ចំពោះ​កូន​ស្រី​ ដោយ​អះអាង​ថា​ទោះ​ជា​កូន​មាន​ដុង​សិល្បៈ​ដូច​ជា​លោក​ និង​អតីត​ភរិយា​ក្ដី​ ប៉ុន្តែ​លោកមាន​គោល​ជំហរ ​មិន​​ចង់​ឱ្យ​កូនបោះ​ជំហាន​ចូល​ក្នុង​វិថី​សិល្បៈ​​នោះ​​ឡើយ​។

ខណៈ​ដែល​អ្នកនិពន្ធ​ ​ដឹកនាំ​ភាពយន្ត​-ចម្រៀង​ខារ៉ាអូខេ​ល្បី​លោក​ កៅ សីហា បាន​ប្រកាស​បើក​​ភ្លើង​ខៀវ​ជួយ​ដល់​កុមារី​ សាពូន ដារ៉ាភិមាន ឱ្យ​ចូល​ក្នុង​វិស័យ​សិល្បៈ​ដូច​ឪពុក​ម្ដាយ​ ស្រាប់​តែ​លោក សាពូន​ មីដាដា បែរ​ជា​ចេញ​មក​បង្ហាញ​គោល​ជំហរ​មិន​គាំទ្រ​ឱ្យ​កូន​ស្រី​បណ្ដូល​ចិត្ត​តែ​មួយ​របស់​ខ្លួន​ដើរ​តាម​គន្លង​របស់​លោក​ ដោយ​លោក​បាន​រៀប​រាប់​ថា​៖ «​កូន​ស្រី​មាស​ឪពុក​ច្រៀង​ចម្រៀង​ផ្ញើ​មក​ពុក​ ឱ្យ​ពុក​សណ្ដាប់​សំរាន​លក់​ស្រួល​ កូន​ស្រី​ដ៏​កំសត់​របស់​ពុក ឆាក​ជីវិត​គឺ​កំសត់​យ៉ាង​នេះ​ហើយ​ គ្រប់​រសជាតិ​ជីវិត​នឹង​ជម្រុញ​ឱ្យ​កូន​កាន់​តែរឹងមាំ​ តែ​រឿង​មួយ​ដែល​ពុក​សុំ​បើ​អាច​ គឺ​មិន​ចង់​ឱ្យ​កូន​ដើរ​លើ​ផ្លូវ​សិល្បៈ​ដូច​ឪពុក​ទេ​»

យោង​តាម​ការ​រៀប​រាប់​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​ថា​លោក​មិន​មាន​គោល​បំណង​ចង់​ឱ្យ​កូន​ស្រី​របស់​ខ្លួន​ក្លាយ​ជា​តារា​នោះទេ តែ​លោក​ចង់​ឱ្យ​កូន​មាន​ជីវិត​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ច្រើន​ជាង​។ លោកសា​ពូន​ មីដាដា​​ខ្លួន​ឯង​ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា ​​លោកមិន​សោក​ស្ដាយ​ទេ​ដែល​លោក​​​បាន​ដើរ​ចេញ​ពី​សិល្បៈ​ជិត​១០​ឆ្នាំ​​ ព្រោះ​លោក​​បាន​យក​ពុទ្ធដីកា​ ​ព្រះ​ពុទ្ធ​បរម​គ្រូជា​ទីពឹង​។

«៩​ឆ្នាំ​ហើយ​ដែល​ពុក​ចាកចេញ​ពី​វិថីសិល្បៈ​ដោយ​គ្មាន​ស្ដាយ​ស្រណោះ​បន្តិច​ឡើយ​ ចូរ​កូន​រស់​នៅ​ក្នុង​ជីវិតដ៏​សាមញ្ញ​មួយ​ ដោយ​យក​ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ ព្រះសង្ឃ​ ជា​ទីពឹង​ទីរលឹក​ រលាស់​ខ្លួន​ចេញ​ពី​លោកីយ៍​នេះ​ ទៅ​រក​និពាន្វ​ជា​ត្រើយ​សុខ​ណា​កូន​»។

ក្រោយ​មើល​ឃើញ​ពី​ការ​លើក​ឡើង​របស់​លោក​ សាពូន​ មីដាដា​ មិន​ចង់​ឱ្យ​កូន​សិល្បៈ​ដូច្នេះ​​ សាធារណជន​កំពុង​​តែ​​រង់ចាំ​មើល​ថា​ តើ​កុមារី​ សាពូន ដារ៉ាភិមាន​ ដែល​មាន​ដុង​​និង​ទេព​កោសល្យ​សិល្បៈ​ដូច​​​ឪពុក​ម្ដាយ ​ថែម​ទាំង​​អាច​លេង​ឧបករណ៍​ Ukelele​ បាន​ទៀត​នោះ​ អាច​នឹង​បោះ​ជំហាន​ដើរ​លើ​ផ្លូវ​សិល្បៈ​តាម​ការ​បើក​ឱកាស​ពី​លោក​ កៅ សីហាទេ? ឬ​​មួយ​ក៏​ត្រូវ​​រស់​នៅ​​ត្រឹម​ជា​ក្មេង​ស្រី​សាមញ្ញ​ធម្មតា​តាម​គោល​បំណង​ឪពុក​?

ចុះ​ប្រិយមិត្ត​ត្រយង​​វិញ ​តើ​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក​ សាពូន​ មីដាដា ដែរទេ?

Share.