​ប្រសិន​បើ​អ្នក​កំពុង​តែ​តូច​ចិត្ត​អស់​សង្ឃឹម​ ព្រោះ​តែ​អ្នក​មាន​ជីវភាព​ក្រីក្រ​លំបាក​ សូម​និយាយ​ថា​អ្នក​មិន​គួរ​អស់​សង្ឃឹម​នោះ​ទេ​ ព្រោះ​​ជីវិត​របស់​មនុស្ស​យើង​ ឱ្យ​តែ​មាន​ការ​តស៊ូ​អ្នក​ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃ​ណាមួយ​ជាក់ជា​មិនខាន​ សំខាន់​អ្នក​ត្រូវ​តែ​ប្រឹងប្រែង​ដើរ​ទៅ​មុខ​ហើយ​មិន​បោះបង់​។ ថ្ងៃ​នេះ​សារព័ត៌មាន​ត្រយង សូម​បង្ហាញ​ជូន​នូវ​ឆាក​ជីវិត​ តស៊ូ​របស់​តារា​សម្ដែង​ស្រី​ ៦​រូប​ ដែល​វិវត្ត​ខ្លួន​ពី​ជីវភាព​ខ្វះខាត​មក​មាន​ទ្រព្យ​សម្បត្តិ​ និង​កិត្តិយស​ល្បីល្បាញ​។ ចង់​ដឹង​​ថា​តារា​ស្រី​ទាំង​អស់​នេះ​មាន​ជីវិត​លំបាក​ និង​ តស៊ូ​យ៉ាង​ណា​ខ្លះ​ សូមតាមដាន​ ខាង​ក្រោម​នេះ ​៖ ​
១. Ariel Lin

​បច្ចុប្បន្ន​នេះ​តារា​សម្តែង​តៃវ៉ាន់​ល្បី​រូប​នេះ​មាន​តម្លៃ​ខ្លួន​រាប់​លាន​ និង​បាន​រៀបការ​ក្នុង​គ្រួសារ​អ្នក​ជំនួញ​ម្នាក់​។ បើ​ជា​ធម្មតា​អ្នក​ប្រហែល​ជា​មិន​អាច​គិត​ទេ​ថា​ នាង​ធ្លាប់​រស់​នៅ​ក្នុង​គ្រួសារ​ដែល​មាន​តែ​អ្នក​ម៉ាក់​តែ​ម្នាក់​ហើយ​​ត្រូវ​ចិញ្ចឹម​បីបាច់​កូន​ពីរ​នាក់​គឺ​ ​នាង ​និង​ប្អូន​ប្រុស​ម្នាក់​ទៀត​។​ ​ថ្លៃ​សិក្សា​ និង​ថ្លៃ​ចំណាយ​ប្រចាំ​ថ្ងៃ ​ត្រូវ​ខ្ចី​ប្រាក់​ពី​ធនាគារ​ដើម្បី​យក​មក​ចិញ្ចឹម​ជីវិត​។​

២.​ Zhao​ ​Liying​

តារា​សម្តែង​ស្រី​ល្បី​ឈ្មោះ​នៅ​ដីគោក​ ​ប្រហែល​ជា​មិនមាន​អ្នក​មិន​ស្គាល់​នាង​នោះទេ​ បើ​និយាយ​ដល់​ជីវភាព​គ្រួសារ​ Zhao Liying កើត​ចេញ​ពី​គ្រួសារ​ជនបទ​សុទ្ធសាធ​។​ ដោយ​សារ​លទ្ធភាព​គ្រួសារ​មិន​អំណោយផល​ ​នាង​បាន​បោះបង់​ក្តី​ស្រមៃ​ក្នុង​ការ​រៀន​ផ្នែក​​អាកាសចរណ៍​ ហើយ​ចូល​ធ្វើការ​​ផ្នែក​លក់​ នៅ​ក្រុមហ៊ុន​តូច​មួយ​។ ​មិន​មាន ​background ​គ្រួសារ​ ​មិន​បាន​សិក្សា​ខ្ពង់ខ្ពស់​ និង​ធ្លាប់​ត្រូវ​គេ​ប្រឆាំង​ដោយ​ផ្នត់​​គំនិត​​តួ​ស្រី​ត្រូវ​តែ​មាន​មុខ​ ​“វី” (V)​។ ​ការ​តស៊ូ​ក្នុង​វិថី​សិល្បៈ​របស់​នាង​ពិត​ជា​លំបាក​ណាស់​មិន​ខុស​ពី​ការ​តស៊ូ​ក្នុង​ជីវភាព​រស់​នៅ​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​មក​ដល់​សព្វថ្ងៃ​ ​Zhao Liying​ ​​មាន​ទ្រព្យ​ជាង​ ១០០ ​លាន​ពិត​ជា​ទទួល​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​ការងារ​ណាស់​។​

៣. ​Joey Yung​

តារា​ចម្រៀង​ល្បី​ហុងកុង​ម្នាក់​នេះ​ ​ត្រូវ​ទទួល​បន្ទុក​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​គ្រួសារ​តាំង​ពី​អាយុ ​១០​ឆ្នាំ​ជាង ដោយសារ​ឪពុក​នាង​បាន​លែងលះ​ជាមួយ​ម្តាយ​នាង​តាំង​ពី​នាងមាន​​អាយុ​ត្រឹម​ ១៥ឆ្នាំ​។ ដូច្នេះ​ នាង​ត្រូវ​ចូល​ប្រលូក​ក្នុង​សិល្បៈ​ ​តាំង​ពី​ក្មេង​ដើម្បី​ចិញ្ចឹម​ម្តាយ​និង​ប្អូន​ប្រុស​។​

៤. Betty Sun

អ្នក​ប្រហែល​ជា​ធ្លាប់​ស្គាល់ Betty Sun ក្នុង​តួ​អង្គ​ជា​អ្នកម្នាង​ក្នុង​រឿង​ចិន​បុរាណ​ ​ប៉ុន្តែ​ ជីវិត​ពិត​គឺ​ជួប​ការ​លំបាក​តាំង​ពី​នាង​នៅ​ក្មេង​ម្ល៉េះ​។ ​ជីវិត​កាន់តែ​លំបាក​ព្រោះ​​ម្តាយ​ឪពុក​ត្រូវ​លែងលះ​គ្នា​ ហើយ​មួយ​ផ្នែក​ក៏​ដោយ​សារ​ ម្តាយ​របស់​នាង​គាំទ្រ​នាង​ចូលរៀន​ថ្នាក់​សិល្បៈ​ ​ប៉ុន្តែ​ឪពុក​នាង​មិន​ព្រម​។​ បន្ទាប់​ពី​លែងលះ​គ្នា​ ​Betty Sun ​​រស់នៅ​ជាមួយ​ម្តាយ​ ដែល​ក្នុង​រយៈពេល​ ​៧ឆ្នាំ​ក្រោយ​មក​ មិនមាន​កន្លែង​ស្នាក់នៅ​ច្បាស់លាស់​ ​រស់​នៅ​ផ្លាស់ប្តូរ​ទីតាំង​រហូត​។​ ម្តាយ​នាង​បាត់បង់​ការងារ​ ហើយ​ថវិកា​ដែល​បាន​ក្រោយ​លែងលះ​ក៏​មិនមាន​ច្រើន​ទៀត​ ធ្វើ​ឱ្យ​នាង​ត្រូវ​តែលតោល​​សូម្បី​តែ​លុយ​ទិញ​អាហារ​ហូប​ក៏​រក​សឹង​មិន​បាន​ផង​។​

៥​. Chaoyue Yang

តារា​ចម្រៀង​ក្នុង​ក្រុម​ ​Rocket Girls 101 ​និង​ជា​តារា​សម្តែង​វ័យ​ក្មេង​រូប​នេះ​ កើត​ចេញ​ពី​គ្រួសារ​ជនបទ​។ ​ឪពុក​និង​ម្ដាយ​​នាង​បាន​លែងលះ​គ្នា​តាំង​ពី​អាយុ ​១២​ឆ្នាំ​ ហើយ​នាង​ត្រូវ​បាន​ឪពុក​ចិញ្ចឹម​បីបាច់​។ ​ដោយ​សារ​ឪពុក​នាង​មាន​អាយុ​ច្រើន​ ​ការងារ​មិន​សូវ​ហ្នឹងនរ​ នាំ​ឱ្យ​នាង​ត្រូវ​ឈប់​រៀន​តាំង​ពី​មធ្យម​សិក្សា​ ​ដើរ​រក​ការងារ​ធ្វើ​ដើម្បី​សម្រាល​បន្ទុក​គ្រួសារ​។

៦. Rachel Momo​

តារា​សម្តែង​ស្រី​ក្នុង​រឿង​ Nothing But Thirty ​មាន​ភ្នែក​ធំ​មូល​ក្រឡង់​ ដូច​ជា​ពាក់​ឡែន​ម្នាក់​នេះ​ ប្រហែល​ជា​អ្នក​មិន​ស្មាន​ថា​ជីវិត​ពិត​របស់​នាង​កម្សត់​ជាង​ក្នុង​រឿង​ភាគ​ទៀត​។​ កើត​មក​ភ្លាម​ត្រូវ​ឪពុក​យក​ទៅ​បោះចោល​ក្នុង​ធុង​សម្រាម​ ​សំណាង​ល្អ​ដែល​ម្តាយ​បាន​រក​ឃើញ​វិញ​។​ ដោយសារ​ទទួល​យក​ចរិត​ប្តី​ខ្លួន​មិន​បាន​ ​ម្តាយ​និង​ឪពុក​នាង​បាន​លែងលះ​គ្នា​តាំង​ពី​នាង​​នៅ​តូច​ ហើយ​នាង​ត្រូវ​រស់នៅ​ជាមួយ​ម្តាយ​តែ​ពីរ​នាក់​។​ ​ទោះ​ជា​លំបាក​យ៉ាងណា​ ម្តាយ​នៅ​តែ​ខិតខំ​ផ្គត់ផ្គង់​ឱ្យ​នាង​បាន​រៀន​សូត្រ​ដល់​ចប់​។​ ប៉ុន្តែ​ នៅ​ពេល​ឪពុក​ដែល​ធ្លាប់​ជាប់​គុក​ដោយ​សារ​ប្រើប្រាស់​គ្រឿង​ញៀន​បាន​ដឹង​ថា​នាង​បាន​ក្លាយ​ជា​តារា​ ​ក៏​ទាមទារ​ប្រាក់​សំណង​ថ្លៃ​ចិញ្ចឹម​ ​៥០,០០០,០០០ យេន​(ចិន)​ ហើយ​នៅ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​នាង​ទៀត​។ ​សំណាង​ហើយ​ដែល​អ្នកគាំទ្រ​ ​នៅ​តែ​ជឿជាក់​លើ​នាង​។

Telegram-Troryorng
Share.