ក្លិបមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’zim FC ប្រកាសតែងតាំងគ្រូបង្វឹកថ្មី Estaban Solari ជនជាតិអាហ្សង់ទីន ដើម្បីចូលមកជំនួសតំណែងលោក Héctor Bidoglio។ ខណ:លោក Héctor Bidoglio ត្រូវបានតែងតាំងជានាយកបច្ចេកទេសវិញម្តង។

លោក Esteban Solari បច្ចុប្បន្នមានវ័យ៤២ឆ្នាំ គឺជាអតីតកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន និងជាអតីតជំនួយការនៅក្រុម U23 អាហ្សង់ទីន និងជាប្អូនប្រុសបង្កើតរបស់អតីតគ្រូបង្វឹកក្រុមអធិរាស Real Madrid លោក Santiago Solari ។

នេះ​ជា​អាជីព​ជា​គ្រូ​បង្វឹក​លើក​ដំបូង​របស់​លោក Esteban Solari ខណៈ​លោក​ធ្លាប់​ជា​សមាជិក​ក្រុម APOEL ប្រទេស​ស៊ីប (Cyprus) ចេញ​អុកឡុក​ទ្វីប​អឺរ៉ុប កាល​ពី​​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​គ្រា​នោះ​ដែរ​លោក​បាន​ទាត់​បញ្ជូល​ទី​ក្រុម​យក្ស Real Madrid របស់​អេស្ប៉ាញ នៅ​វគ្គ​​៨ក្រុមចុងក្រោយ ក្នុង​រដូវកាល​ឆ្នាំ ២០១១-១២ ផងដែរ។

គួរដឹងថាក្លិប​បាល់ទាត់ Jorhor Darul Ta’zim របស់​ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim បាន​គ្រង​តំណែង​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី Malaysia Super League ចំនួន៩ឆ្នាំ​ជាប់ៗគ្នា​ហើយ គឺ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក​ម៉្លេះ។

ក្លិប​ដែល​​មាន​កីឡដ្ឋាន​ជាប់​ឈ្មោះ​ជា​កីឡដ្ឋាន​ស្អាត​ជាង​គេ​បំផុត​នៅ​លើ​លោក​ក្នុង​ឆ្នាំ​២០២០ មួយ​នេះ​​បាន​ឡើង​មក​លេង​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី នៅ​រដូវកាល​២០០៥-២០០៦ ហើយ​​ឈ្នះ​ជើង​ឯក​ជាប់ៗគ្នា​គឺ​នៅឆ្នាំ​២០១៤,២០១៥,២០១៦,២០១៧,២០១៨,​២០១៩,២០២០,​២០២១ និង២០២២ នេះ៕

Share.