ជនជាប់ចោទឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ដែលបានសម្លាប់ប្រពន្ធរបស់ខ្លួនយកសាកសព ពីរាជធានីភ្នំពេញទៅបោះចោលនៅត្បូងឃ្មុំនោះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារប៉េហ្ស៊ី(PJ)នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១នេះ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២១នេះបានសម្រេចចោទ ប្រកាន់បុរសរូបនេះពីបទ ឃាតកម្មដោយមានទារុណកម្មអំពើឃោរឃៅតាមមាត្រា២០៥នៃក្រមព្រហ្មទណ្ឌ

បើសិនជាត្រូវបានរកឃើញថាមាន ទោស បុរសរូបនេះអាចប្រឈមមុខនឹងការដាក់ពន្ធនាគារអស់មួយជីវិត។

ជនជាប់ចោទត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅក្នុងខេត្តបាត់ដំបងក្រោយពីបានគេចខ្លួនចេញពីផ្ទះដោយនាំសពរបស់ប្រពន្ធខ្លួនដាក់ក្នុងរថយន្តទៅប្លុងចោលនៅក្នុងខេត្តត្បូងឃ្មុំ ក្រោមកិច្ចសហការរវាងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ចំពោះមូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ ជនជាប់ចោទបានសារភាពថា ដោយសារតែរូបគាត់ខឹងនឹងប្រពន្ធរបស់ខ្លួន រៀបគម្រោងដេញបងប្អូនរបស់គាត់ចេញមិនឲ្យនៅផ្ទះខណៈដែលមានប្រភពខ្លះទៀតអះអាងថាបណ្តាលមកពីរឿងប្រចណ្ឌ៕

Share.