ទីបំផុតក្លិបបាល់ទាត់ភ្នំពេញក្រោន របស់លោក Oleg Starynskyi បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២២ ក្រោយយកឈ្នះបឹងកេត ក្នុងលទ្ធផល ៥-០ សប្តាហ៍ទី២៧ នៅកីឡដ្ឋាន Smart RSN នារាត្រីថ្ងៃទី៣ ខែធ្នូ។

នេះ​ជា​ការឈ្នះ​ជើង​ឯក​ខេមបូឌាលីគ​២ឆ្នាំជាប់គ្នារបស់​ភ្នំពេញ​ក្រោន និងជា​លើកទី៨ ដែលជាចំនួនច្រើនបំផុតប្រចាំប្រវត្តិសាស្រ្តលីគកំពូលកម្ពុជា ពោលគឺ​ឈ្នះ​នៅ​ឆ្នាំ​២០០២ ២០០៨ ២០១០ ២០១១ ២០១៤ ២០១៥ ​២០២១ និង ២០២២។

គួរដឹងផងដែរថាកាលពីថ្ងៃទី២៦ ខែតុលា នៅទីស្នាក់ការរបស់ក្រុមហ៊ុន Cambodian Premier League (CPL) លោក Keisuke Honda បានឆ្លើយសំនួរអ្នកគាំទ្រថា ភ្នំពេញក្រោន អាចនឹងក្លាយជាម្ចាស់ជើងឯកលីគកំពូល។

ក្រោយមកមានអ្នកគាំទ្រមួយចំនួន បានរិះគន់ និងសើចចំអកចំពោះ អ្នកចាត់ការក្រុមជម្រើសជាតិរូបនេះ ដោយចាត់ទុកថា នេះ គឺជារឿងអស់សំណើច និងមិនអាចទៅរួចទេ ដែលភ្នំពេញក្រោន អាចក្លាយទៅជាម្ចាស់ជើងឯក។ម្យ៉ាងវិញទៀត ពួកគេ ក៏បានរិះគន់ទៀតថាលោក Keisuke Honda មិនដែលតាមដានការប្រកួតបាល់ទាត់កម្ពុជា។

ប៉ុន្តែទីបំផុតការទស្សទាយរបស់លោក Keisuke Honda បានក្លាយជាការពិត ក្រោយភ្នំពេញក្រោនគ្រងជើងឯកលីគកំពូល ឆ្នាំ២០២២ បានសម្រេច ខណ:វិសាខា ជើងឯករង, លេខ៣ ព្រះខ័នរាជស្វាយរៀង និងលេខ៤ បឹងកេត៕

Share.