ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​បញ្ចប់​ហើយ ក្រោយ​ប្រកួត​តាំង​ពី​​ខែ​មីនា ដើម​ឆ្នាំ​មក ស្រប​ពេល​ដែល​​លទ្ធផល​ជា​ចុងក្រោយ​ជើង​ឯក​បាន​ទៅ​ភ្នំពេញក្រោន ហើយ​នេះ​ជា​​ពាន​លើក​ទី​៨​របស់​ខ្លួន។

ក្រោយ​​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លោក លី ហៀង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​បង្ហោះសារ​សង្ខេប​ពី​ដំណើរការ​របស់​ខ្លួន​រហូត​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ថា៖«ភាព​ឡើង​ចុះ​ក្នុង​បាល់ទាត់! ខ្ញុំ​កំណត់​វា​ជា​រដូវកាល​ចម្លែក​នៅ​ឆ្នាំ​នេះ យើង​តាម​ពី​ក្រោយ 18ពិន្ទុ ក្នុង​សប្តាហ៍​ទី 10 នៃ​លីគ។ ​វា​ជា​សម្ពាធ​ដ៏​ធំ​មួយ​លើ​ក្រុម​ការពារ​ជើង​ឯក ហើយ​សម្ពាធ​គឺ​មក​ពី​គ្រប់​ទិសទី។ គ្រប់គ្នា​ជឿ​ថា​យើង​បាន​ជ្រុះ​ចេញ​ពី​ការ​ប្រកួតប្រជែង។ ប៉ុន្តែ​យើង​មិន​អាច​អរគុណ​ដល់​កីឡាករ និង​បុគ្គលិក​គ្រូ​បង្វឹក គ្រប់គ្រាន់ សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ដើម្បី​ផ្តល់​ស្នាម​ញញឹម​ដល់​អ្នក​គាំទ្រ​របស់​យើង​ម្តង​ទៀត​នោះ​ទេ។ ខ្ញុំ​គិត​ថា​ពួក​គេ​បាន​ភ្លេច​ពាក្យ “បោះបង់” នៅ​ក្នុង​វចនានុក្រម​របស់​ពួក​គេ។ ពួក​គេ​ដាក់​ខ្លួន និង​មាន​ការ​គោរព ហើយ​ខិតខំ​ប្រឹងប្រែង​ទាំង​ក្នុង​និង​ក្រៅ​ទីលាន​រហូត​ដល់​ទីបំផុត»។

បុរស​មក​ពី​ខេត្ត​បាត់ដំបង រូប​នេះ​បាន​បន្ត​ថា៖«បាល់ទាត់​គឺ​ជា​ការងារ​ចម្លែក​មួយ។ ខ្ញុំ​ចង់​អរគុណ​អ្នក​ពាក់ព័ន្ធ​បាល់ទាត់​ទាំង​អស់ ភាគ​ច្រើន​ជា​មនុស្ស​នៅ​ក្នុង​បរិបទ​របស់​ខ្ញុំ អ្នកគ្រប់គ្រង និង​គ្រូ​បង្វឹក​ទាំង​អស់​នៅ​ក្នុង​ក្រុម​គូ​បដិបក្ខ។ យើង​ប្រឈម​គ្នា​យ៉ាង​តឹងតែង​ក្នុង​ការ​ប្រកួតប្រជែង ​ដើម្បី​ឈ្នះ​រាល់​ចុង​សប្តាហ៍ ប៉ុន្តែ​អង្គុយ​នៅ​ព្រឹក​ថ្ងៃច័ន្ទ ដើម្បី​ពិភាក្សា​ អំពី​របៀប​ធ្វើ​ឱ្យ​ការ​ប្រកួត​កាន់​តែ​ខ្លាំង​ និង​អ្វី​ដែល​ល្អ​សម្រាប់​បាល់ទាត់។ សូម​អរគុណ​ដល់​ Satoshi និង ក្រុមCPL សម្រាប់​ការ​ប្រជុំ​ដ៏​តានតឹង​ជា​រៀងរាល់​ដើម​សប្តាហ៍»។

«កិត្តិយស​ដ៏​ធំធេងចំពោះប្រធាន​ក្លិប​គ្រប់​រូប ហើយ​យើង​មិន​អាច​បំភ្លេច​ក្នុង​ការ​លើក​ឡើង​ពី​ពួក​គាត់។ ខ្ញុំ​និយាយ​ម្តង​ទៀត! បាល់ទាត់​នៅ​កម្ពុជា នៅ​ឆ្ងាយ​ពី​ពិភព​បាល់ទាត់​ទំនើប​ យើង​ត្រូវ​ការ​ពេល។ ការ​ចំណាយ​ភាគ​ច្រើន​គឺ​មក​ពី​ម្ចាស់​ក្លិប។ ពួក​គាត់​វិនិយោគ​ដោយ​មិន​បាន​រំពឹង​ទុក​នូវ​ប្រាក់​ចំណូល​ដែល​បាន​មក​វិញ។ បើ​គ្មាន​ពួក​គាត់​ទេ​ យើង​មិន​អាច​មាន​អ្វីដែល​យើង​មាន​ថ្ងៃនេះ​សម្រាប់​បាល់ទាត់​របស់​យើង។ អបអរសាទរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិនិយោគ​ហិរញ្ញវត្ថុ​ និង​ពេលវេលា​របស់​ពួក​គាត់»។ បុរស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​«គ្រប់គ្រង​បាល់ទាត់» មក​ពី​ប្រទេស​ស្វីស បន្ថែម។

អត្ថបទពាក់ព័ន្ធ៖លោក លី ហៀង បានបញ្ចប់វគ្គសិក្សា Certificate of Football Management នៅប្រទេសស្វីស

ជា​ចុងក្រោយ​លោក​បាន​ថ្លែង​អំណរគុណ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដូចជា៖«សូម​អរគុណ​អ្នក​សារព័ត៌មាន និង​អ្នក​គាំទ្រ​បាល់ទាត់​គ្រប់​ក្លិប។ ពួក​គេ​គឺ​ជា​មនុស្ស​សំខាន់​ដែល​នាំ​អោយ​ការ​ប្រកួត​របស់​យើង​ទៅ​កាន់​ភាព​រំភើប​រាល់​ពេល។ អរគុណ​ច្រើន ជួប​គ្នា​រដូវកាល​ក្រោយ»។

បើ​រាប់​តាំង​ពី​ប្រទេស​កម្ពុជា បញ្ចប់​សង្រ្គាម​ផ្ទៃ​ក្នុង​មក ពោល​គឺ​ពេល​ទទួល​បាន​កៅអី​លើ​ឆាក​អន្តរជាតិ​សម្រាប់​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា ឃើញ​ថា​ក្រុម​ភ្នំពេញក្រោន បាន​ចារ​ឈ្មោះ​ជា​អ្នក​ឈ្នះ​ពានរង្វាន់​នេះ​ច្រើន​ជាង​ក្រុម​ដទៃ​​រហូត​ដល់​៨លើក​ម្នាក់​ឯង។

សម្រាប់​រដូវកាល​ឆ្នាំ​២០២២​នេះ មាន​ចំណាត់​ថ្នាក់​រួម​ដូចជា៖
ជើង​ឯក ៖ ភ្នំពេញក្រោន ៥២​ពិន្ទុ
ជើង​ឯក​រង៖ វិសាខា ៥២​ពិន្ទុ
លេខ៣៖ ព្រះខ័នរាជស្វាយរៀង ៤៩​ពិន្ទុ
លេខ៤៖ បឹងកេត ៣៩ពិន្ទុ
លេខ៥៖ ណាហ្គាវើល ២៩​ពិន្ទុ
លេខ៦៖ Tiffy Army FC ២៣​ពិន្ទុ
លេខ៧៖ អង្គរថាយហ្គឺរ ២១​ពិន្ទុ
លេខ​៨៖ គីរីវង់សុខសែនជ័យ ៥ពិន្ទុ

Share.