ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២២ ក្រោយយកឈ្នះបឹងកេត ក្នុងលទ្ធផល ៥-០ សប្តាហ៍ទី២៧ នៅកីឡដ្ឋាន Smart RSN នារាត្រីថ្ងៃទី៣ ខែធ្នូ។

ខណ:ក្លិបវិសាខា បានត្រឹមរងជើងឯក ទោះឈ្នះព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង និងមាន៥២ពិន្ទុ ដូចភ្នំពេញក្រោនក៏ដោយ ប៉ុន្តែដោយសារតែ Cambodian Premier League ប្រើប្រាស់រូបមន្ត Head-To-Head ពោលគឺប្រៀបធៀបអំពីប្រវត្តិជួបគ្នារវាងក្រុមដែលមានពិន្ទុស្មើគ្នា។

សម្រាប់ជំនួប៤លើករវាងភ្នំពេញក្រោន ទល់នឹង វិសាខា នៅលីគកំពូលកម្ពុជារដូវកាលនេះ (H2H)
-ភ្នំពេញក្រោន ៣-២ វិសាខា
-ភ្នំពេញក្រោន ៤-៣ វិសាខា
-ភ្នំពេញក្រោន ២-២ វិសាខា
-វិសាខា ៣-១ ភ្នំពេញក្រោន

នេះ​ជា​ការឈ្នះ​ជើង​ឯក​ខេមបូឌាលីគ​២ឆ្នាំជាប់គ្នារបស់​ភ្នំពេញ​ក្រោន និងជា​លើកទី៨ ដែលជាចំនួនច្រើនបំផុតប្រចាំប្រវត្តិសាស្រ្តលីគកំពូលកម្ពុជា ពោលគឺ​ឈ្នះ​នៅ​ឆ្នាំ​២០០២ ២០០៨ ២០១០ ២០១១ ២០១៤ ២០១៥ ​២០២១ និង ២០២២។

ភ្លាមៗនោះលោកជំទាវ កែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា បានថ្លែងដូច្នេះថា៖«ខ្ញុំបានប្រាប់ក្រុមរបស់ខ្ញុំថា កុំខ្វល់ថាយើងឈរនៅទីណា កុំពឹងផ្អែកលើអ្នកដ៏ទៃ.. ថ្ងៃនេះយើងគ្រាន់តែទៅរកការឈ្នះដើម្បីបញ្ចប់រដូវកាលដោយវិជ្ជមាន… ហើយពួកគេបានប្រយុទ្ធយ៉ាងល្អរហូតដល់ចប់…»។

«ខ្ញុំពិតជាមានមោទនភាពចំពោះពួកគេដោយមិនសោកស្តាយ។ អរគុណអ្នកគាំទ្រមកពីគ្រប់ទិសទីដែលបានមកគាំទ្រ VSK ក្រោមភ្លៀងធ្លាក់ខ្លាំង ហើយមិនថាលទ្ធផលយ៉ាងណាក៏នៅតែលើកទឹកចិត្តជានិច្ច នេះបង្ហាញពីទឹកចិត្តស្រលាញ់បាល់ទាត់ និងគាំទ្រក្រុមសំណព្វរបស់យើង»។

«សូមអបអរសាទរដល់ម្ចាស់ជើងឯកលីគកំពូលកម្ពុជាក្លិបបាល់ទាត់ភ្នំពេញក្រោន។ អរគុណអ្នកគាំទ្របាល់ទាត់កម្ពុជា ជួបគ្នារដូវកាលក្រោយ ឆ្នាំ២០២៣។ ទឹកចិត្តក្រុមទាំងពីរ ថ្វីត្បិតតែមានឱកាសតិចជាង ៥០% ប៉ុន្តែក្រុមទាំងពីរបានតស៊ូយ៉ាងស្វិតស្វាញដើម្បីទទួលបានជ័យជម្នះ ខ្ញុំសូមគោរព… សូមអបអរសាទរចំពោះ VSK និង PKSVR FC»។

សម្រាប់​រដូវកាល​ឆ្នាំ​២០២២​នេះ មាន​ចំណាត់​ថ្នាក់​រួម​ដូចជា៖
ជើង​ឯក ៖ ភ្នំពេញក្រោន ៥២​ពិន្ទុ
ជើង​ឯក​រង៖ វិសាខា ៥២​ពិន្ទុ
លេខ៣៖ ព្រះខ័នរាជស្វាយរៀង ៤៩​ពិន្ទុ
លេខ៤៖ បឹងកេត ៣៩ពិន្ទុ
លេខ៥៖ ណាហ្គាវើល ២៩​ពិន្ទុ
លេខ៦៖ Tiffy Army FC ២៣​ពិន្ទុ
លេខ៧៖ អង្គរថាយហ្គឺរ ២១​ពិន្ទុ
លេខ​៨៖ គីរីវង់សុខសែនជ័យ ៥ពិន្ទុ៕

Share.