ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​បញ្ចប់​ហើយ ក្រោយ​ប្រកួត​តាំង​ពី​​ខែ​មីនា ដើម​ឆ្នាំ​មក ស្រប​ពេល​ដែល​​លទ្ធផល​ជា​ចុងក្រោយ​ជើង​ឯក​បាន​ទៅ​ភ្នំពេញក្រោន ហើយ​នេះ​ជា​​ពាន​លើក​ទី​៨​របស់​ខ្លួន។

ក្នុងនោះលោកជំទាវ ភូឈាលីន ខ្លុងគិតចាកន ត្រូវជាភរិយារបស់លោកឧកញ៉ា ឬទ្ធី សំណាង មានប្រសាសន៍ដ៏មានអត្ថន័យក្រោយភ្នំពេញក្រោនលើកពានលីគកំពូល ២ឆ្នាំ ជាប់គ្នាដូច្នេះថា៖«ខ្ញុំពិតជារំភើបរីករាយណាស់ដែលក្លិបទទួលបានសមិទ្ធិផលនេះ សូមចូលរួមអបអរសាទរចំពោះកីឡាករ ក្រុមគ្រូបង្វឹក ដែលធ្វើវាឲ្យកើតឡើងម្តងទៀត និងធ្វើឲ្យអ្នកគាំទ្រយើងរីករាយ»។

លោកជំទាវ​បន្ត​ថា៖«ដូចដែលអ្វីដែលយើងធ្លាប់និយាយ ភ្នំពេញក្រោនគឺជាក្លិបសម្រាប់អ្នករាល់គ្នា យើងសង្ឃឹមថាអ្នកគាំទ្រសាទរជាមួយជ័យជម្នះនេះ គាំទ្រយើង និងតែងតែនៅពីក្រោយយើងជានិច្ច»។

គួរដឹងថានេះ​ជា​ការឈ្នះ​ជើង​ឯក​ខេមបូឌាលីគ​២ឆ្នាំជាប់គ្នារបស់​ភ្នំពេញ​ក្រោន និងជា​លើកទី៨ ដែលជាចំនួនច្រើនបំផុតប្រចាំប្រវត្តិសាស្រ្តលីគកំពូលកម្ពុជា ពោលគឺ​ឈ្នះ​នៅ​ឆ្នាំ​២០០២ ២០០៨ ២០១០ ២០១១ ២០១៤ ២០១៥ ​២០២១ និង ២០២២។

បើ​រាប់​តាំង​ពី​ប្រទេស​កម្ពុជា បញ្ចប់​សង្រ្គាម​ផ្ទៃ​ក្នុង​មក ពោល​គឺ​ពេល​ទទួល​បាន​កៅអី​លើ​ឆាក​អន្តរជាតិ​សម្រាប់​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា ឃើញ​ថា​ក្រុម​ភ្នំពេញក្រោន បាន​ចារ​ឈ្មោះ​ជា​អ្នក​ឈ្នះ​ពានរង្វាន់​នេះ​ច្រើន​ជាង​ក្រុម​ដទៃ​​រហូត​ដល់​៨លើក​ម្នាក់​ឯង។

សម្រាប់​រដូវកាល​ឆ្នាំ​២០២២​នេះ មាន​ចំណាត់​ថ្នាក់​រួម​ដូចជា៖
ជើង​ឯក ៖ ភ្នំពេញក្រោន ៥២​ពិន្ទុ
ជើង​ឯក​រង៖ វិសាខា ៥២​ពិន្ទុ
លេខ៣៖ ព្រះខ័នរាជស្វាយរៀង ៤៩​ពិន្ទុ
លេខ៤៖ បឹងកេត ៣៩ពិន្ទុ
លេខ៥៖ ណាហ្គាវើល ២៩​ពិន្ទុ
លេខ៦៖ Tiffy Army FC ២៣​ពិន្ទុ
លេខ៧៖ អង្គរថាយហ្គឺរ ២១​ពិន្ទុ
លេខ​៨៖ គីរីវង់សុខសែនជ័យ ៥ពិន្ទុ៕

Share.