សិល្បៈ​ជាតិ​៖ ស្រប​ពេល​ដែល​ក្បាច់​គុន​ល្បុក្កតោ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃ​ទី​២៩ ​វិច្ឆិកា​ ២០២២​​ កន្លង​ទៅ​ ក្រសួង​ ស្ថាប័ន និង​ប្រជាជន​ខ្មែរ​ទូទាំង​ព្រះ​នគរ​បាន​ប្រារព្ធ​កម្មវិធី​អបអរ​សាទរ​យ៉ាង​គគ្រឹក​គគ្រេង​ តារា​សម្ដែង​ឈាម​ជ័រ​ជា​ខ្មែរ​ Dy Sao ក៏​បាន​បង្ហាញ​ពី​បិតិសោមនស្ស​រីករាយ​ចំពោះ​ដំណឹង​ដ៏​រីករាយ​នេះ​ដែរ។ តារា​សម្ដែង​ដែល​តែង​តែ​ព្យាយាម​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​រូប​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ដាក់​ខ្លួន​ បើ​ទោះ​ជា​លោក​មាន​ឈ្មោះ​បោះ​សំឡេង​និង​ត្រូវ​បាន​គេ​ទទួល​ច្រើន​ពី​សមត្ថ​ភាព​គុន​ល្បុក្កតោ​ក្ដី​។

ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​ បុរស​មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់​ដំបង​ រូប​នេះ​រមែង​ តែងតែ​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​ល្បុក្កតោ​​ខ្មែរ​ នៅ​លើ​ឆាណែល​យូធូប​របស់​ខ្លួន​​តាម​រយៈ​ការ​បង្ហាត់​បង្រៀន ក៏​ដូច​ជា​បង្ហាញ​ពី​គុន​ល្បុក្កតោ នៅ​ក្នុង​ភាពយន្ត​ដែល​លោក​សម្ដែង​ទាំង​ជា​តួអង្គ​ឯក​ក្ដី​ ឬ​ Stuntក្ដី​។

«ល្បុក្ក​តោ ​របស់​ខ្ញុំ ​មិន​​សូវ​​ល្អ​​ដូច​​នៅ​​ស្រុក​​ខ្មែរ​​ទេ​ ​ខ្ញុំ​​នឹង​​ព្យាយាម​​ឲ្យ​​អស់​​ពី​​សមត្ថភាព​​ដើម្បី​​បង្រៀន​​មិត្ត​ភក្តិ​​អាមេរិក​​ដែល​​ចូល​​ចិត្ត​​រៀន​​​​​»

ថ្វី​បើ​មាន​ឈ្មោះ​បោះ​សំឡេង​ជា​តារា​ក្បាច់គុន​មួយ​រូប​ ប៉ុន្តែ​ ឌី សៅ ហាក់​ដាក់​ខ្លួន​ខ្លាំង​ណាស់​ ដូច​ដែល​លោក​បាន​ប្រកាស​ជា​សាធារណៈ​ខាងលើ​នេះ​ថា​ក្បាច់គុន​លោក​មិន​សូវ​ល្អ ប៉ុន្តែ​លោក​នៅតែ​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បង្រៀន​មិត្ត​ភក្ដិ​អាមេរិក​របស់​ខ្លួន​។

ប្រជាជនកម្ពុជា អរគុណបងចំពោះការផ្សព្វផ្សាយនូវគុនល្បុក្កតោ និងចែករំលែកនូវវប្បធម៌ដល់បរទេសអោយស្គាល់អំពីអរិយធម៌ខ្មែរ🙏🌹🇰🇭❤️
អរគុណបងប្រុសដែលថែរក្សារលើកស្ទួយមរតកដូនតាយើង..🙏🏻♥️♥️🇰🇭
អរគុណបងប្រុសដែលថែរក្សារលើកស្ទួយមរតកដូនតាយើង.
.🙏🏻♥️♥️🇰🇭

Comment ខ្លះ​ៗ​ខាង​លើ​នេះ​គឺ​ដក​ស្រង់​​​ចេញ​ពីអ្នក​គាំទ្រ​ដែល​​បាន​អបអរសាទរ​យ៉ាង​ក្រៃលែង​ចំពោះ​ទឹក​ចិត្ត​​ស្រលាញ់​ និង​ ការ​តស៊ូ​លះបង់​របស់​លោក​ដើម្បី​​ក្បាច់​គុន​ខ្មែរ​​ គឺ​ឆ្លើយ​តប​ចំពោះ​ការ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ក្បាច់​គុន​ជាតិ​ឱ្យ​បរទេស​កាន់​តែ​ស្គាល់​ច្រើន៕

Share.