ភ្នំពេញ ៖ បុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ ក្រោយពីប្រពន្ធនិងកូនប្រសារប្រុសម្នាក់ទៀត នាំគ្នារត់គេចទៅលួចសម្ងំជួលបន្ទប់ស្នាក់នៅ អស់រយៈពេល៣ខែមកហើយ ទើបតែថ្មីៗនេះ តាមស្វែងរកឃើញ ជួបគ្នាបាន៣ថ្ងៃ ស្រាប់តែប្រពន្ធនិងកូនប្រសារប្រុស ឈ្លោះរករឿង បង្កហឹង្សា វាយ បណ្តាលឲ្យរងរបួសធ្ងន់ បែកក្បាល បែកប្រអប់ដៃស្តាំ ហើយនាំគ្នាប្រមូលអុីវ៉ាន់មួយចំនួនគេចខ្លួនបាត់អស់ ទោះជាព្យាយាមខំរត់ទៅប្តឹងសមត្ថកិច្ចដល់ប៉ុស្តិ៍ ក៏មិនមានខាងណាចុះទៅជួយដែរ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅបន្ទប់ជួលលេខ១ ផ្លូវលំ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃើញជនរងគ្រោះដេកដួលក្នុងថ្លុកឈាមម្នាក់ឯង រហូតដល់វេលាម៉ោង១១ព្រឹកបន្ទាប់ ត្រូវបានបងប្អូនប្រជាពលឃើញសភាពរបួស ហូរឈាមច្រើនពេក ក៏បានស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ឲ្យជួយអន្តរាគមន៍ ។

បុរសរងគ្រោះមាន ឈ្មោះ កែវ វាសនា អាយុ៤១ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន លីប្រា ប្រាយវេត ទើបទៅស្នាក់នៅកន្លែងកើតហេតុ បាន៣ថ្ងៃទេ មានទីលំនៅភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកស្ត្រីដៃដល់ត្រូវជាប្រពន្ធ មានឈ្មោះ ហ៊ុន ហេង អាយុ៤១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុបាន៣ខែហើយ ជាមួយកូនប្រសារប្រុសម្នាក់ទៀត មកពីខេត្តស្វាយរៀង ។

តាមបុរសរងគ្រោះ បានឲ្យដឹងថា គាត់មានកូនស្រី៣នាក់ កូនស្រីទី១ មានប្តីនៅខេត្តស្វាយរៀង , កូនស្រីទី២ មានប្តីនៅខេត្តកំពង់ធំ , កូនស្រីទី៣ មានប្តីនៅខេត្តកំពង់ស្ពឺ ។ ពោលកូនៗរបស់គាត់ ក្រោយមានប្តី បានទៅរស់នៅផ្សេងៗគ្នាអស់ហើយ ។

ជនរងគ្រោះបន្តទៀតថា ប្រពន្ធរបស់គាត់ និងកូនប្រសារប្រុសម្នាក់ មកពីខេត្តស្វាយរៀង នាំគ្នារត់គេចទៅលួចសង្ងំជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុអស់រយៈពេល៣ខែហើយ ទើបតែនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ គាត់តាមរកឃើញ ហើយក៏ទៅស្នាក់នៅជាមួយ សរុបគ្នា៣នាក់ តែប្រពន្ធរបស់គាត់មិនពេញចិត្ត ចេះតែមួរម៉ៅ ក្តៅក្រហាយ រករឿងគាត់ជាប្តីទៅវិញ មិនដឹងថា មកពីមូលហេតុអ្វី ហើយគាត់ក៏មិនចោទប្រពន្ធថាម៉េចដែរ ព្រោះគ្មានភស្តុតាង ស្រាប់តែនៅវេលាព្រឹកមុនកើតហេតុនេះ គាត់គ្រាន់តែសួរទៅប្រពន្ធ ហេតុអ្វី បាននាំកូនប្រសារ រត់គេចទៅសង្ងំលួចជួល ស្ងាត់ៗមិនឲ្យគាត់ដឹងបែបនេះ ស្រាប់តែប្រពន្ធខឹង ទាញដុំថ្ម កប់ក្បាលគាត់ ហើយស្រវ៉ាបានកំណាត់ឈើមកវាយបន្ថែម បណ្តាលឲ្យរងរបួស រុញគាត់ផ្ទប់នឹងកញ្ចក់បណ្តាលឲ្យបែក ហើយកូនប្រសារយកអំបែងកញ្ចក់មកវាយដៃគាត់ បណ្តាលឲ្យរងរបួសបែកប្រអប់ដៃស្តាំ ។

ក្រោយពីប្រពន្ធនិងកូនប្រសារព្រួតដៃគ្នាវាយ បណ្តាលឲ្យរងរបួស ក៏រត់ទៅប្តឹងសមត្ថកិច្ចដល់ប៉ុស្តិ៍ចោមចៅទី៣ដែរ ដើម្បីឲ្យជួយអន្តរាគមន៍ តែសមត្ថកិច្ចប្រាប់ថាឲ្យទៅពេទ្យ លុះទៅដល់បន្ទប់វិញ រកឯកសារ ប័ណ្ណ ប.ស.ស និងឯកសារ ដើម្បីទៅពេទ្យ ស្រាប់តែប្រពន្ធនិងកូនប្រសារ នាំគ្នារើអុីវ៉ាន់ ឯកសាររត់គេច ទើបរត់ដេញតាម បានចម្ងាយជាង១០០ម៉ែត្រ ឈាមហូរច្រើនពេក ដេកដួលលើគ្រែមុខផ្ទះប្រជាពលរដ្ឋ រីឯប្រពន្ធនិងកូនប្រសារ នាំគ្នារត់គេចទៅបាត់ដោយសុវត្តិភាព ទាំងពុំមានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ទុកឲ្យជនរងគ្រោះ ដេកដួលហូរឈាមខ្សោះខ្លួន រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃដដែល ពលរដ្ឋឃើញរបួសធ្ងន់ សភាពមិនស្រួល ក៏រាយការណ៍ទៅអាជ្ញាធរ និងស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

អត្ថបទ៖ តាយិងសែនជ័យ

Share.