សេតវិមានបានថ្កោលទោស លោក Donald Trump បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិករូបនេះ បានអំពាវនាវឲ្យ «បញ្ចប់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ច័ន្ទ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០២២។

លោក ត្រាំ បានធ្វើការអំពាវនាវនេះនៅក្នុងការបង្ហោះកាលពីថ្ងៃ សៅរ៍ សប្ដាហ៍មុន (ម៉ោងក្នុងស្រុក) នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក ដោយអះអាងជាថ្មីថា «លោកជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០២០»។

ជាមួយគ្នា លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ការលួចបន្លំដ៏សម្បើមនេះ អនុញ្ញាតសម្រាប់ការរំលាយនូវរាល់ច្បាប់ បទបញ្ញត្តិ និង មាត្រា ទាំងឡាយដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ។ ស្ថបនិករបស់យើងមិនចង់ ហើយក៏នឹងមិនអត់ឱនឲ្យមានការបោកប្រាស់ និង លួចបន្លំការបោះឆ្នោតនោះទេ»។

អ្នកនាំពាក្យសេតវិមាន លោក Andrew Bates

ទន្ទឹមនោះ អ្នកនាំពាក្យសេតវិមាន លោក Andrew Bates បាននិយាយថា រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក គឺជា «ឯកសារដ៏ពិសិដ្ឋ» ដែលនាំឲ្យប្រជាជនអាមេរិករួបរួមគ្នា។ លោក Bates បានសង្កត់ធ្ងន់ថា «ការវាយប្រហារទៅលើរដ្ឋធម្មនុញ្ញ និងអ្វីដែលវាតំណាងឲ្យ គឺជាការធ្វើឲ្យប៉ះពាល់ដល់ព្រលឹងជាតិរបស់យើង ហើយគួរតែត្រូវបានថ្កោលទោសជាសកល»។ លោកក៏បានបន្ថែមថា «អ្នកមិនអាចស្រឡាញ់អាមេរិក តែពេលឈ្នះនោះទេ»។

សូមជម្រាបថា លោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែ មុន ថា លោកនឹងកំពុងឈរឈ្មោះជាប្រធានាធិបតីម្ដងទៀត ដោយអះអាងថា ការបាត់បង់សន្លឹកឆ្នោតរបស់លោកបានធានានូវការផ្លាស់ប្ដូរយ៉ាងខ្លាំង៕

ប្រភព៖ Aljazeera

Share.