ទីភ្នាក់ងារគ្រោះមហន្ដរាយរបស់រដ្ឋាភិបាលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៤នាក់ បានស្លាប់ នៅពេលដែលការរអិលបាក់ដីបានកប់ឡានក្រុង ១គ្រឿង នៅភាគពាយព្យនៃប្រទេស កូឡុំប៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Canberra times នាថ្ងៃ អង្គារ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃ ច័ន្ទ ទីភ្នាក់ងារជាតិគ្រប់គ្រងហានិភ័យ និង គ្រោះមហន្តរាយ (UNGRD) បាននិយាយថា ការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារលើរថយន្ដក្រុង ១គ្រឿង ដែលកំំពុងបើកបរនៅលើផ្លូវស្ថិតនៅចន្លោះភូមិ Pueblo Rico និង Santa Cecilia ក្នុងខេត្ត Risaralda ដែលមានចម្ងាយប្រហែល ២៣០គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី Bogota។

ក្រុមអ្នកជួយសង្រ្គោះកំពុងជីកកកាយដីភក់ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ដោយមនុស្ស ៩នាក់ ត្រូវបានជួយសង្រ្គោះហើយនៅមានជីវិត ក្នុងនោះរួមមានក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ដែលត្រូវបានគេរកឃើញនៅក្បែរសពម្ដាយរបស់ក្មេងស្រីរូបនេះ។

យ៉ាងណាម៉ិញ ទីភ្នាក់ងារជាតិគ្រប់គ្រងហានិភ័យ និង គ្រោះមហន្តរាយ (UNGRD) បាននិយាយថា ជនរងគ្រោះ ៨នាក់ ជាអនីតិជន។ ខណៈអភិបាលក្រុង Pueblo Rico លោក Leonardo Fabio Siagama បានប្រាប់អ្នកសារព័ត៌មានថា សាកសពទាំងអស់កំពុងត្រូវបានបញ្ចូនទៅកាន់កីឡដ្ឋានមួយក្នុងទីក្រុង។

ទន្ទឹមនោះ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានពណ៌នាឧប្បត្តិហេតុនេះថា ជាសោកនាដកម្មនៃគ្រោះមហន្ដរាយ និង ចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និង សន្យាផ្ដល់ការគាំទ្រពីរដ្ឋាភិបាល។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកស្រី Susana Muhamad បាននិយាយនៅក្នុងសារមួយនៅលើ Twitter ថា ប្រទេសនេះនឹងផ្ដោតលើការដាំដើមឈើឡើងវិញ ដើម្បីជៀសវាងសោកនាដកម្មបន្ថែមទៀតដែលទាក់ទងនឹងការរអិលបាក់ដីនាពេលអនាគត។

គួររំលឹកថា ការរអិលបាក់ដី គឺជារឿងធម្មតានៅក្នុងប្រទេស កូឡុំប៊ី ដោយសារតែតំបន់ភ្នំមានភ្លៀងធ្លាក់ញឹកញាប់ ហើយមានការសាងសង់លំនៅដ្ឋានខុសស្ដង់ដា។ ប្រទេស កូឡុំប៊ី បានរងផលប៉ះពាល់ដោយរដូវភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ដែលប្រទេសនេះបានស្ដីបន្ទោសលើបាតុភូតអាកាសធាតុព្យុះ La Nina។

សូមជម្រាបថា យោងតាមស្ថិតិរបស់រដ្ឋាភិបាលបានឲ្យដឹងថា ព្រឹត្តិការណ៍ដែលទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សជាង ២០០នាក់ និង ធ្វើឲ្យមនុស្ស ៥៣៨,០០០នាក់ គ្មានផ្ទះសម្បែង បើគិតមកដល់ឆ្នាំ ២០២២នេះ ខណៈតួលេខបង្ហាញថា មនុស្ស ៤៨នាក់ផ្សេងទៀត នៅបាត់ខ្លួននៅទូទាំងប្រទេសនៅឡើយ៕

ប្រភព៖ The Canberra Times

Share.