ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូវិលត្រឡប់មកពីពិនិត្យសុខភាពនៅមន្ទីរពេទ្យវិញ ជិតដល់ផ្ទះទៅហើយ ស្រាប់តែកើតមានអាការៈងងឹតវិលមុខ ខ្យល់គ ដួលម៉ូតូខ្លួនឯង សន្លប់បាត់ស្មារតី ត្រូវបានពលរដ្ឋអ្នកដំណើរឃើញ នាំគ្នាជួយរឹត និងឌុបជូនវិលទៅផ្ទះសិន រង់ចាំសាច់ញាតិចាត់ចែងនាំបញ្ជូនទៅមន្ទីរពេទ្យវិញ ។

ហេតុការណ៍នេះឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ សុខ គង់ អាយុ៣៩ឆ្នាំ មានទីលំនៅផ្ទះលេខ១៦ ផ្លូវបេតុង បុរីសុខសាន្ត ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-5648 ទើបវិលត្រឡប់មកពីពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ ឆ្ពោះទៅផ្ទះវិញ តាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែកើតមានអាការៈងងឹតវិលមយខ ខ្យល់គ ម៉ូតូកៀរនឹងខឿនចិញ្ចើមផ្លូវ ដួលម្នាក់ឯង សន្លប់បាត់ស្មារតី ។

ក្រោយកើតហេតុភ្លាមៗ នារីជាជនរងគ្រោះត្រូវបានអ្នកដំណើរប្រុសស្រី តាមផ្លូវនាំគ្នាចុះជួយ រឹត គក់ច្របាច់ ដឹងខ្លួនបន្តិច ក៏នាំគ្នាឌុបជូនទៅផ្ទះ រួចទាក់ទងទៅក្រុមគ្រួសារ ដែលកំពុងជាប់រវល់បំពេញការងារ ឲ្យមកជួយមើលនិងចាត់ចែងដឹកបញ្ជូនយកទៅមន្ទីរពេទ្យវិញ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.