ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃ ចន្ទ សប្ដាហ៍នេះថា ការវាយប្រហារដោយយន្ដហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីចំនួន២ នៅក្នុងតំបន់ Ryazan និង Saratov បានបណ្ដាលឲ្យយោធាចំនួន ៣នាក់ ស្លាប់ និង បង្កការខូចខាតដល់យន្ដហោះ ២គ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃ អង្គារ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០២២។

យោងតាមក្រសួងការពារជាតិបានឲ្យដឹងទៀតថា យន្ដហោះគ្មានមនុស្សបើកមួយចំនួន «ផលិតដោយសូវៀត» ដែលហោះហើរក្នុងរយៈកម្ពស់ទាបបានកំណត់គោលដៅលើទ្រព្យសម្បតិ្តអាកាសចរណ៍យុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយនៅឯអាកាសយានដ្ឋាន Dyagilevo ក្នុងតំបន់ Ryazan និង អាកាសយានដ្ឋាន Engels ក្នុងតំបន់ Saratov។

នៅពេលយន្ដហោះគ្មានមនុស្សបើកទាំងនោះត្រូវបានគេប្រទះឃើញ និង បាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស កម្ទេចកម្ទីបានធ្លាក់ ធ្វើឲ្យប៉ះពាល់ដល់អាកាសយានដ្ឋាន ហើយយន្ដហោះ ២គ្រឿង បានរងការខូចខាត និង បណ្ដាលឲ្យសមាជិកយោធា ៣នាក់ រងរបួសធ្ងន់ ខណៈមនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យយោធាដើម្បីព្យាបាល។

យន្ដហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនពីមុន បានវាយប្រហារទីស្នាក់ការកងនាវាសមុទ្រខ្មៅក្នុងទីក្រុង Sevastopol និង បានកំណត់គោលដៅលើកងទ័ពជើងទឹករុស្ស៊ីនៅតំបន់ Crimea ប៉ុន្ដែការវាយប្រហារកាលពីថ្ងៃ ចន្ទ បានឈានចូលកាន់តែជ្រៅនៅក្នុងប្រទេស រុស្ស៊ី។

អាកាសយានដ្ឋាន Dyagilevo មានចម្ងាយជាង ៥០០គីឡូម៉ែត្រពីទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន ខណៈអាកាសយានដ្ឋាន Engels មានចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ។

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានយោធា Aleksandr Kots បានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយយន្ដហោះគ្មានមនុស្សបើក Tu-141 ដែលដំបូងឡើយត្រូវបានបង្កើតឡើងនៅសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៧០៕

ប្រភព៖​RT

Share.