រុស្ស៊ីបានបាញ់ស្រោចមីស៊ីលជាថ្មី ឆ្ពោះទៅកាន់ប្រទេស អ៊ុយក្រែន កាលពីថ្ងៃ ចន្ទ ខណៈរុស្ស៊ីបានចោទទីក្រុង Kyiv ពីការវាយប្រហារលើអាកាសយានដ្ឋានយោធាជ្រៅក្នុងទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃ អង្គារ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០២២។

អាជ្ញាធរក្នុងតំបន់បាននិយាយថា មីស៊ីលរាប់សិបគ្រាប់ត្រូវបានបាញ់ដោយកងកម្លាំងរុស្ស៊ីឆ្ពោះទៅកាន់ប្រទេស អ៊ុយក្រែន ដោយមានកាត់ផ្ដាច់ការផ្គត់ផ្គង់ទឹក និង អគ្គិសនីនៅក្នុងតំបន់មួយចំនួន និង បានសម្លាប់មនុស្ស ១នាក់ នៅក្នុងទីក្រុង Kryvyi Rih របស់អ៊ុយក្រែន និង មនុស្សយ៉ាងហោចណាស់ ២នាក់ទៀតស្លាប់ នៅទីក្រុង Zaporizhazhia។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា មីស៊ីលរុស្ស៊ីជាង ៦០គ្រាប់ត្រូវបានស្ទាក់ចាប់ ប៉ុន្ដែមីស៊ីលខ្លះបានហោះធ្លាក់ និង បំផ្លាញផ្ទះសម្បែងប្រជាជនជាច្រើនខ្នងនៅក្នុងតំបន់ភាគអាគ្នេយ៍ ហើយថែមទាំងបណ្ដាលឲ្យតំបន់ជាច្រើនទៀត គ្មានអគ្គិសនី និង ទឹក ប្រើប្រាស់។

នៅក្នុងសុន្ទរកថាមួយ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់ថា មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៉ី ហើយភាគច្រើននៃមីស៊ីលជាង ៧៩គ្រាប់ ត្រូវបានបាញ់ទម្លាក់ ខណៈក្រុមអ្នកជំនាញកំពុងព្យាយាមស្ដារថាមពលអគ្គិសនីឡើងវិញ ចំពេលសីតុណ្ហភាពនៅតាមផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន បានធ្លាក់ចុះដល់ក្រោមសូន្យអង្សាសេ។

នៅថ្ងៃ ចន្ទ ដដែលនោះ ក្រសួងការពារជាតិរុស្ស៊ីបាន​និយាយថា អ៊ុយក្រែនបានប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារលើអាកាសយានដ្ឋានយោធារបស់យើងចំនួន២ បណ្ដាលឲ្យយោធារុស្ស៊ីស្លាប់ ៣នាក់ និង ៤នាក់រងរបួស ហើយបានធ្វើឲ្យយន្ដហោះចំនួន ២គ្រឿងរងការខូចខាត នៅព្រឹកថ្ងៃ ចន្ទ ដោយបន្ថែមថា ការការពារដែនអាកាសរបស់យើងបានស្ទាក់ចាប់ការវាយប្រហារនៅក្នុងតំបន់ Saratov និង Ryazan នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយធ្វើឡើងនៅលើទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti។

យ៉ាងណាក៏ដោយ អ៊ុយក្រែន មិនបានអត្ថាធិប្បាយអ្វីលម្អិតឆ្លើយតបទៅនឹងការចោទប្រកាន់ របស់រុស្ស៉ីនោះទេ។ តែប្រសិនបើនេះជាការពិតមែន នោះវានឹងក្លាយជា ការវាយប្រហារចូលយ៉ាងជ្រៅបំផុតក្នុងទឹកដីរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈមក។ មូលដ្ឋានទ័ពអាកាស Engels នៅក្បែរទីក្រុង Saratov មានចម្ងាយ ៧៣០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងមូស្គូ៕

ប្រភព៖ CNN

ចុចអាន៖ យន្ដហោះគ្មានមនុស្សបើកអ៊ុយក្រែន វាយប្រហា.រមូលដ្ឋានយោធាចំនួន២ របស់រុស្ស៊ី

Share.