បាត់ដំបង÷ សត្វខ្យងក្រហមជប៉ុន កំពុងបង្កការរាតត្បាតយ៉ាងធ្ងន់ធ្ងរលើដំណាំស្រូវរបស់ប្រជាកសិករនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

លោកទុយ អឿត ជាកសិកររស់នៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២២នេះថា ឆ្នាំនេះគ្រួសាររបស់លោកបានបង្កបង្កើនផលដំណាំស្រូវលើផ្ទៃដីជិត ១០ហិកតា ក្នុងនោះមានពូជស្រូវម្លឹះ និងពូជស្រូវរំដួល។ ទាំងកន្លងមក ក៏ដូចជាចំពោះមុខស្រូវពង្រោះ ឬសំណាបរបស់លោកមានផលវិបាកយ៉ាងខ្លាំងដោយសារសត្វខ្យងក្រហមស៊ីបំផ្លាញកាត់ដើមអស់ស្ទើរទាំងស្រុងយ៉ាងលឿនត្រឹមរយ:ពេលខ្លី។

ខ្យងក្រហម ឬខ្យងយួន និងហៅម៉្យាងទៀតថាខ្យងជប៉ុននេះពងកូនបានលឿនច្រើនរាប់រយពងក្រហមភ្លឺពេញស្រែបើមិនមានវិធីទប់ស្កាត់ និងបំផ្លាញវាមុននឹងដាំដុះស្រូវទេនោះ ប៉ុន្តែវិធានការដោយប្រើថ្នាំគីមីបាញ់សម្លាញ់ពូជខ្យងនេះវាបានប៉ះពាល់បំផ្លាញដល់សត្វដែលមានប្រយោជន៍នៅក្នុងស្រែយ៉ាងច្រើនផងដែរមានដូចជា: ពូជខ្យងស្រែ ខ្យងបឹង និងធ្វើឲ្យងាប់ត្រី កង្កែប អន្ទង់ ជន្លេនក្នុងដី ព្រមទាំងសត្វដែលមានប្រយោជន៍ផ្សេងៗជាច្រើនប្រភេទទៀត។

កសិករខាងលើបន្ថែមថា÷ បងប្អូនប្រជាកសិករនៅស្ទើរទូទាំងខេត្តបាត់ដំបងបានជួបនូវបញ្ហាដូចគ្នានេះ តួយ៉ាងដូចជានៅក្នុងតំបន់ដែលលោករស់នៅបានជួបបញ្ហាប្រឈមនេះយ៉ាងខ្លាំង ពិសេសត្រង់ចំណុចទួលអង្ក្រង ទួលញរ ទួលគុម្ពឬស្សីជាដើម…។

ជុំវិញក្តីកង្វល់របស់កសិករខាងលើ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានលើកឡើងថា÷ បច្ចុប្បន្នការប៉ះពាល់បង្កដោយខ្យងក្រហមនេះស្ទើរតែជាបញ្ហាសកលទៅហើយ។ ក្នុងករណីបងប្អូនប្រជាកសិករបានជួបប្រទះអាចទំនាក់ទំនងមកកាន់មន្ទីរកសិកម្ម ដើម្បីមន្ត្រីជំនាញចុះទៅពន្យល់ណែនាំអំពីវិធីកម្ចាត់បឋមដូចជា: ការដើរប្រមូលដោយដៃ ការដោតឈើ ដោតឬស្សីសម្រាប់ទុកឲ្យខ្យងឡើងពងងាយស្រួលប្រមូលចេញ ឬជីកជារណ្តៅតូចៗរួចដាក់ច្រាំងខ្នុរ បន្លែផ្អែមជាដើមដើម្បីឲ្យខ្យងមកស៊ីជាចំណីរួចកសិករអាចប្រមូលកៀរយកសត្វខ្យងទាំងអស់នោះទៅបំផ្លាញចោលតែម្តង៕

អត្ថបទ៖ ដំបងក្រញូង

Share.