អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃ ពុធ នេះថា មនុស្ស ២នាក់ បានស្លាប់ និង ជាច្រើននាក់ទៀតរងរបួស នៅពេលដែលជនសង្ស័យជាសកម្មប្រយុទ្ធប្រដាប់ដោយកាំបិត បានសម្រុកចូល ហើយបានបំផ្ទុះខ្លួនឯងភ្លាមៗ ក្នុងប៉ុស្ដិ៍ប៉ូលីសនៅក្នុងទីក្រុង Bandung ខេត្តជ្វាភាគខាងលិច ប្រទេស ឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០២២។

ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ដោយមិនទាន់មានការបញ្ជាក់អំពីមូលហេតុដែលអាចកើតមាននៅឡើយទេ ខណៈមន្រ្តីប៉ូលីសម្នាក់បានឲ្យដឹងថា ការផ្ទុះនេះកើតឡើងនៅវេលាម៉ោង ៨:២០នាទីព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃ ពុធ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០២២។

លោក Ahmad Ramadhan ប្រធានការិយាល័យព័ត៌មានសាធារណៈ នៃអគ្គស្នងការនគរបាលជាតិបាននិយាយថា ប៉ូលីសក្រុង Bandung កំពុងសម្របសម្រួលជាមួយអង្គភាពប្រឆាំងភេរវកម្ម ហើយការស៊ើបអង្កេតកំពុងតែដំណើរការ។

លោក Ibnu Suhendra មកពីទីភ្នាក់ងារប្រឆាំងភេរវកម្មឥណ្ឌូនេស៊ី (BNPT) បានប្រាប់ទូរទស្សន៍ Metro TV ថា ក្រុម Jamaah Ansharut Daulah (JAD) ដែលបំផុសគំនិតដោយរដ្ឋអ៉ីស្លាមប្រហែលជានៅពីក្រោយការវាយប្រហារនេះ ដោយក្រុម JAD នេះបានធ្វើការវាយប្រហារស្រដៀងគ្នានេះនៅក្នុងប្រទេស ឥណ្ឌូនេស៊ី។

លោក Ibrahim អ្នកនាំពាក្យរបស់ប៉ូលីស ខេត្តជ្វាភាគខាងលិច បានប្រាប់ថា ការវាយប្រហារនេះបានផ្ដាច់ជីវិតជនល្មើសម្នាក់ និង មន្រ្តីប៉ូលីសម្នាក់ ខណៈមនុស្ស ៨នាក់ផ្សេងទៀតបានរងរបួស និងបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

សូមជម្រាបថា ប្រទេស ឥណ្ឌូនេស៊ី គឺជាប្រទេសមានប្រជាជនមូស្លីមរស់នៅច្រើនជាងគេលើពិភពលោក ហើយមានប្រវត្តិនៃការវាយប្រហារភេរវកម្មក្នុងស្រុកជាញឹកញាប់។ ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបង្រ្កាមក្រុមសកម្មប្រយុទ្ធ ប្រទេស ឥណ្ឌូនេស៊ី បានបង្កើតច្បាប់ប្រឆាំងភេរវកម្មថ្មីដ៏តឹងរឹង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតពាក់ព័ន្ធនឹងក្រុម JAD ជាបន្ដបន្ទាប់៕

ប្រភព៖ CNA

Share.