នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនាថ្ងៃ ពុធ នេះថា លោកចង់កាន់អំណាចរហូតដល់ឆ្នាំ ២០២៥ ដោយបង្ហាញជាលើកដំបូងថា លោកគ្រោងនឹងឈរឈ្មោះក្នុងការបោះឆ្នោតសកលនាពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០២២។

ប្រទេស ថៃ គ្រោងនឹងរៀបចំការបោះឆ្នោតនៅដើមឆ្នាំក្រោយ ហើយនៅថ្ងៃ អង្គារ នេះ គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងធំបានចាប់ផ្ដើមប្រធានបទយុទ្ធនាការមួយចំនួនរបស់ខ្លួន ខណៈកន្លងមកមានប្រជាជនរាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងការកាន់អំណាចរបស់លោក ប្រាយុទ្ធ។

លោក ប្រាយុទ្ធ បានឡើងកាន់អំណាចជាមេទ័ពនៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ មុនពេលឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ដ៏ចម្រូងចម្រាស ខណៈប្រជាប្រិយភាពរបស់លោកស្ថិតក្នុងភាពស្រពិចស្រពិល។

គណបក្សភឿថៃ កំពុងឈរឈ្មោះក្នុងការបោះឆ្នោត ប៉ុន្ដែរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្ន ដែលបានព្រាងនៅក្រោមការគ្រប់គ្រងរបស់យោធា បានដាក់ប្រព័ន្ធដើម្បីគាំទ្រគណបក្សដែលមានទំនាក់ទំនងនឹងកងទ័ព។

កាលពីខែ កញ្ញា តុលាការធម្មនុញ្ញបានកាត់សេចក្ដៅកំណត់អាណត្តិរយៈពេល ៨ឆ្នាំ របស់លោក ប្រាយុទ្ធ ខណៈអាណត្តិរបស់នាយករដ្ឋមន្រ្តីបច្ចុប្បន្ននឹងបញ្ចប់នៅឆ្នាំ ២០២៥។

យ៉ាងណាម៉ិញ លោក ប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំក្នុងរយៈពេល ២ឆ្នាំនេះ ហើយបន្ទាប់ពីនោះនឹងមានជម្រើសសមរម្យមួយ ដែលសាធារណជនអាចជ្រើសរើសអ្នកថ្មី ឬ ទទួលយកខ្ញុំជាបន្ដ»។

លោក ប្រាយុទ្ធ វ័យ ៦៨ឆ្នាំ រូបនេះ ត្រូវបានគេរំពឹងខ្ពស់ថា នឹងចាកចេញពីគណបក្ស Palang Pracharath ដែលដឹកនាំក្រុមចម្រុះកំពុងកាន់អំណាចបច្ចុប្បន្ន ហើយចូលរួមជាមួយគណបក្សថ្មីមួយដែលគិតថានឹងបង្កើតឡើងជាពិសេស សម្រាប់គាត់មុនការបោះឆ្នោត។

ប៉ុន្ដែកាលពីថ្ងៃ អង្គារ លោក ប្រាយុទ្ធ បានបដិសេធមិនបញ្ជាក់អំពីពាក្យចចាមអារ៉ាមនេះទេដោយនិយាយថា «ខ្ញុំនឹងនិយាយអំពីវានៅពេលក្រោយ»។

សូមជម្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតមិនត្រូវបានគេសម្រេចនៅថ្ងៃណាឲ្យប្រាកដនៅឡើយទេ ប៉ុន្ដែប្រសិនបើមិនត្រូវបានរំលាយចោលឆាប់ទេ សភានឹងបញ្ចប់អាណត្តិនៅខែ មីនា ដោយកំណត់ដំណាក់កាលបោះឆ្នោតនៅខែ ឧសភា៕

ប្រភព៖ CNA

Share.