ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានកាលពីថ្ងៃ ពុធ អំពីអន្តរាគមន៍យោធាដ៏យូរមួយក្នុងប្រទេស អ៊ុយក្រែន ហើយការការគំរាមកំហែងនៃសង្រ្គាមនុយក្លេអ៊ែរក៏កំពុងកើនឡើងជាលំដាប់ ប៉ុន្ដែលោកបានសង្កត់ធ្ងន់ថា ទីក្រុង ម៉ូស្គូ នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ការវាយប្រហារថ្មីៗរបស់រុស្ស៊ីលើទីផ្សារ និង ស្ថានីយ៍ របស់ខ្លួន បានសម្លាប់មនុស្ស ៦នាក់ និង ជាច្រើននាក់ទៀតរងរបួសនៅក្នុងតំបន់ជួរមុខ Donetsk។ ខណៈមានការព្រួយបារម្ភកាន់តែច្រើនឡើងពីហានិភ័យនៃការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំក្រោយទីក្រុង ម៉ូស្គូ បានចោទប្រកាន់ថា អ៊ុយក្រែនបានវាយប្រហារលើមូលដ្ឋានទ័ពអាកាសស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៊ី។

ការគំរាមកំហែងរបស់លោក ពូទីន និង ការជាប់គាំងសមរភូមិបានបង្កើនការភ័យខ្លាចថា រុស្ស៊ីអាចងាកទៅរកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីសម្រេចបាននូវរបកគំហើញយោធារបស់ខ្លួន ខណៈ លោក ពូទីន បានព្រមានថា ការគំរាមកំហែងនៃសង្រ្គាមនុយក្លេអ៊ែរកំពុងកើនឡើង។

លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃ ពុធ សប្ដាហ៍នេះ ជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរុស្ស៊ី ដោយសង្កត់ធ្ងន់ថា រុស្ស៊ីនឹងការពារខ្លួនឯង ដោយប្រើប្រាស់មធ្យោបាយដែលខ្លួនមាន។ លោក បញ្ជាក់ថា «យើងនឹងមិនខឹងរហូតដល់គ្រប់គ្រងខ្លួនឯងមិនបាននោះទេ យើងដឹងច្បាស់ថាអ្វីទៅ ជាអាវុធនុយក្លេអ៊ែរ។ យើងមានអាវុធទំនើបៗជាច្រើន ដែលប្រទេសដទៃគ្មាន ប៉ុន្ដែយើងនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុននោះទេ លុះត្រាតែយើងត្រូវបានវាយប្រហារដោយអាវុននោះមុន»។

លោកបានថ្លែងទៀតថា «នៅពេលដែលយើងត្រូវបានគេវាយប្រហារ យើងនឹងវាយបកវិញ ដោយសង្កត់ធ្ងន់ថា យុទ្ធសាស្រ្តរបស់ទីក្រុង ម៉ូស្គូ គឺ ផ្អែកលើអ្វីដែលហៅថា ការវាយប្រហារសងសឹក»។ ទន្ទឹមនោះ លោក ពូទីន បាននិយាយថា សម្រាប់ដំណើរការដ៏វែងនៃលទ្ធផលប្រតិបត្តិការយោធាពិសេសនោះ ពិតណាស់នេះគឺជា ដំណើរការដ៏យូរមួយ»។

យ៉ាងណាម៉ិញ មេដឹកនាំរុស្ស៊ីបានធ្វើការបញ្ចូលទឹកដី ភាគខាងត្បូង និង ភាគខាងកើត របស់អ៊ុយក្រែន ចំនួន៤ ជាផ្លូវការមានដូចជា៖ Donetsk , Lugansk , Kherson និង តំបន់ Zaporizhzhia នៅក្នុងពិធីមួយនៅវិមានក្រឹមឡាំងក្នុងខែ កញ្ញា កន្លងមក ដោយអ៊ុយក្រែន និង ប្រទេសលោកខាងលិច មិនទទួលស្គាល់ចំពោះការធ្វើប្រជាមតិរបស់រុស្ស៊ីដើម្បីកាត់យកទឹកដីរបស់អ៊ុយក្រែនឡើយ៕

ប្រភព៖ CNA

Share.