តួលេខបង្ហាញថា កុមារអាយុក្រោម ១៥ឆ្នាំ ចំនួន ១៥នាក់ហើយ បានស្លាប់នៅចក្រភពអង់គ្លេស ដោយសារ Strep A។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាថ្ងៃ សុក្រ ទី ០៩ ខែ ធ្នូ ឆ្នាំ ២០២២។

ទិន្នន័យពីទីភ្នាក់ងារសន្ដិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បង្ហាញថា កុមារ ១៣នាក់ ដែលមានអាយុក្រោម ១៥ឆ្នាំ បានស្លាប់ដោយសារជំងឺ Strep A នៅក្នុងប្រទេស អង់គ្លេស ចាប់តាំងពីខែ កញ្ញា។ ការស្លាប់របស់កុមារ ២នាក់ផ្សេងទៀត ត្រូវបានគេកត់ត្រាក្នុងប្រទេស អៀរឡង់ខាងជើង និង វេលស៍ ដែលធ្វើឲ្យចក្រភពអង់គ្លេសមានអ្នកស្លាប់សរុបចំនួន ១៥នាក់។

បាក់តេរី Strep A អាចបណ្ដាលឲ្យមានការឆ្លងផ្សេងៗជាច្រើន ចាប់តាំងពីជំងឺតូចតាច រហូតដល់ជំងឺដែលបណ្ដាលឲ្យស្លាប់។ ជំងឺទាំងនោះរួមមានដូចជា ឆ្លងមេរោគលើស្បែក គ្រុនក្ដៅ និង រលាកបំពង់ក ដែលជាធម្មតាវាឆ្លងតាមរយៈការប៉ះរាងកាយ ឬ តាមរយៈដំណក់ទឹកពីការកណ្ដាស់ ឬ ក្អក។

ទោះជាការឆ្លងភាគច្រើនមានកម្រិតស្រាលដ៏ដោយ ប៉ុន្ដែជួនកាលបាក់តេរីបង្កជាជំងឺដែលគំរាមកំហែងដល់អាយុជីវិតដែលហៅថា ជំងឺរាតត្បាត A Streptococcal។

ទីភ្នាក់ងារ UKHSA បាននិយាយថា មិនមានភស្ដុតាងណាមួយដែលថាការឆ្លងថ្មីកំពុងចរាចរទេ ហើយការកើនឡើងនៃករណី គឺទំនងជាដោយសារតែបរិមាណបាក់តេរីមានកម្រិតខ្ពស់ និង ការកើនឡើងនៃទំនាក់ទំនងសង្គម។

យ៉ាងណាម៉ិញ ឱសថការីបានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយត្អូញត្អែរអំពីកង្វះខាតថ្នាំ អង់ទីប៊ីយោទិច និង ប៉េនីស៊ីលិន ដែលជារឿយៗថ្នាំទាំងនេះត្រូវបានផ្ដល់ឲ្យកុមារ។ ខណៈលេខាធិការសុខាភិបាល លោក Steve Barclay បានឆ្លើយតបវិញថា ការត្រួតពិនិត្យនៅក្នុងនាយកដ្ឋានសុខភាព និង ថែទាំងសង្គម មិនបានបង្ហាញពីបញ្ហាណាមួយជាមួយនឹងការផ្គត់ផ្គង់ថ្នាំនោះទេ។

សូមជម្រាបថា ទីភ្នាក់ងារសន្ដិសុខសុខភាពចក្រភពអង់គ្លេសបានព្រមានថា នេះជារឿងដ៏សំខាន់ណាស់ សម្រាប់ឪពុកម្ដាយ ដើម្បីថែទាំងសុខភាពកូនៗរបស់ពួកគេ ព្រោះវាមានហានិភ័យនៅពេលដែលក្មេងៗបានជួបគ្នានៅពេលដែលទៅសាលារៀន ឬ នៅតាមទីសាធារណៈ៕

ប្រភព៖ The Guardian

Share.