អ្នកសម្របសម្រួលសេតវិមាន លោក Kurt Campbell បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា ប្រទេស ចិន ចង់ឲ្យមានស្ថិរភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលដ៏ខ្លី ខណៈប្រទេសនេះប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចក្នុងស្រុក រួមទាំងមានភាពតានតឹងជាមួយប្រទេសក្បែរខាងមួយចំនួន និង ជំរុញឲ្យតំបន់អាស៊ី ត្រឡប់មកវិញនូវទំនាក់ទំនងការទូតដ៏រឹងមាំរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី ០៩ ខែ ធ្នូ ឆ្នាំ ២០២២។

ការខកចិត្តចំពោះវិធានការទប់ស្កាត់កូវីដ១៩ ដ៏តឹងរឹងរបស់ប្រទេស ចិន បានផ្ទុះឡើងទៅជាការតវ៉ាដ៏រីករាលដាលកាលពីខែ មុន ដែលបង្ហាញពីការរមិនសប្បាយរីករាយរបស់សាធារណៈជនយ៉ាងច្រើនបំផុត ចាប់តាំងពីលោក Xi Jinping ឡើងកាន់តំណែងជាប្រធានាធិបតីចិនក្នុងឆ្នាំ ២០១២។

ច្បាប់រឹតបន្តឹង «សូន្យកូវីដ» បានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ប៉ុន្ដែការបន្ធូបន្ថយការរឹតបន្តឹងថ្មីៗនេះក៏ចាប់ផ្ដើមមាននៅតំបន់មួយចំនួនផងដែរ ដោយរដ្ឋាភិបាលចិនមានការព្រួយបារម្ភជាថ្មីថា មេរោគអាចនឹងកើនឡើងវិញ។

លោក Campbell បានថ្លែងនៅក្នុងព្រឹត្តិការណ៍វេទិកាសន្ដិសុខ Aspen នៅទីក្រុង វ៉ាស៊ីនតោន នាថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍នេះថា «ក្រៅពីបញ្ហាប្រឈមក្នុងស្រុក ចិនក៏កំពុងមានភាពតានតឹងជាមួយប្រទេសជិតខាង ដោយសារជម្លោះទឹកដីរបស់ចិនជាមួយជប៉ុន និង ឥណ្ឌា ដែលបញ្ហានេះកំពុងបង្កផលប៉ះពាល់ដល់យុទ្ធសាស្រ្តការទូតចិននៅក្នុងតំបន់អាស៊ី»។

លោក Campbell បានបន្ដថា «រឿងទាំងអស់នោះបានណែនាំខ្ញុំថា អ្វីចុងក្រោយដែលចិនត្រូវការនៅពេលនេះ គឺទំនាក់ទំនងអរិភាពដោយបើកចំហជាមួយសហរដ្ឋអាមេរិក។ ពួកគេចង់បានទំនាក់ទំនងស្ថិរភាពរយៈពេលខ្លីជាមួយប្រទេសយើង ហលយនេះក៏ជាអ្វីដែលទីក្រុង វ៉ាស៊ីនតោន ចង់បានដូចគ្នាដែរ»។

សូមជម្រាបថា នៅរយៈពេលប៉ុន្មានខែខាងមុខនេះ លោក Campbell បាននិយាយថា ពិភពលោកនឹងឃើញនូវការវិវត្តមួយចំនួននៃទំនាក់ទំនងដែលស្ថិតនៅក្នុងលក្ខណៈអាចព្យាករណ៍បានរវាងទីក្រុង វ៉ាស៊ីនតោន និង ទីក្រុង ប៉េកាំង៕

ប្រភព៖ CNA

Share.