បាត់ដំបង÷ ក្រុមជនសង្ស័យដេលផ្ទុះអាវុធជាង ១០គ្រាប់ ទាំងព្រឹកព្រហាមក្នុងក្រុងបាត់ដំបង បណ្តាលឲ្យភាគីជម្លោះស្លាប់ និងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់។

នគរបាលស្នងការខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ មុខសញ្ញាជនសង្ស័យដែលបាញ់លើក្រុមជនរងគ្រោះកាលពីព្រហាម ថ្ងៃទី ០៨ ខែវិច្ឆិកា នេះត្រូវបានកម្លាំងជំនាញស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងបង្ក្រាបរបស់ស្នងការខេត្តបន្ទាយមានជ័យកំណត់មុខសញ្ញាឃាត់ខ្លួនបានម្នាក់ហើយនៅរសៀលថ្ងៃដដែល បច្ចុប្បន្នចំពោះមុខកម្លាំងការិយាល័យជំនាញកំពុងសាកសួរ រីឯបក្សពួកឯទៀតសមត្ថកិច្ចកំពុងបន្តនីតិវិធីតាមចាប់ខ្លួន។

ជនសង្ស័យមានឈ្មោះក្នុងបណ្តាញសង្គម តុង តុង ចំណែកឯជនរងគ្រោះស្លាប់ឈ្មោះរឿង សារ៉ង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អ្នកទាំង ២នាក់ក៏ដូចជាបក្សពួក កន្លងមកធ្លាប់ទំនាក់ទំនងរាប់អានគ្នា ហើយមានមិត្តស្រីម្នាក់ដើរលេងជាមួយគ្នាថែមទៀត រហូតចុងក្រោយជនរងគ្រោះបានប្រច័ណ្ឌនឹងសង្សាររបស់ខ្លួនជាមួយជនសង្ស័យដែលធ្លាប់បបួលបាញ់តទល់គ្នាមួយលើកជាពីរលើក ទីបំផុតនៅព្រឹកថ្ងៃកើតហេតុពួកគេបានណាត់ជួបគ្នាម្តងទៀតដើម្បីជំរះគំនុំភ្លើងប្រច័ណ្ឌដែលកើតមានទាំងអស់ចេញ។

ករណីបាញ់បោះសេរីផ្ទុយនឹងច្បាប់នេះបានកើតឡើងនៅវេលាម៉ោង ៤:០០នាទីព្រហាម ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុចមាត់សួនច្បារមាត់ស្ទឹងសង្កែ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង៕

អត្ថបទ៖ ដំបងក្រញូង

Share.