សហព័ន្ធ​កីឡាបាល់ទាត់​ហ្វីលីពីន បានប្រកាស​តែងតាំងលោក Josep Ferré Ybarz ជនជាតិអេស្ប៉ាញ ​ជាគ្រូ​បង្វឹក​ថ្មី​របស់ក្រុម Azkals (Azkals ជារហស្សនាមរបស់ក្រុមជម្រើសជាតិហ្វីលីពីន) ដើម្បីជំនួសកៅអីលោក Thomas Dooley ត្រៀមចូលរួមព្រឹត្តិការណ៍​ជើងឯក​អាស៊ាន AFF Mitsubishi Electric Cup 2022។

លោក Josep Ferré Ybarz ឈ្មោះពេញ Josep María Ferré Ybarz កើតនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៨៣ (បច្ចុប្បន្នមានអាយុ៣៩ឆ្នាំ) ​ចាប់ផ្ដើម​អាជីពជាគ្រូបង្វឹកដំបូង​នៅក្នុងសាលាបាល់ទាត់ CE Premià មុនពេលផ្លាស់ទៅធ្វើការនៅ FC Barcelona Escola។

នៅឆ្នាំ ២០១៣-១៤ លោក Josep Ferré Ybarz ត្រូវបានតែងតាំងជាគ្រូយុវជនថ្នាលរបស់ក្លិប Buriram United មុនផ្ទេទៅកាន់ Ratchaburi FC នៅឆ្នាំ ២០១៥ និងជាគ្រូជំនួយ BG Pathum United នៅឆ្នាំ ២០១៦, លុះឆ្នាំ ២០១៨ ឡើងជាគ្រូឈុតធំ BG Pathum United។

នៅឆ្នាំ ២០១៩ ផ្លាស់ទៅធ្វើជាគ្រូជំនួយ East Bengal Club របស់ឥណ្ឌា ខណ:ឆ្នាំដើម ២០២២ វិលត្រលប់ទៅស្រុកកំណើត ដើម្បីដឹកនាំក្រុម FC Ascó លីគលំដាប់ទី៥ របស់ប្រទេសអេស្ប៉ាញ។

លោក Josep Ferré Ybarz អ្នកចាត់ការ​ទូទៅ​ថ្មីរបស់​ក្រុម​ Azkals ហ្វីលីពីន នឹងត្រូវដឹកនាំកូនក្រុមលើកដំបូងក្នុងជំនួបមិត្តភាពអន្តរជាតិ ប៉ះ វៀតណាម នៅថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុន។

គួរដឹងថាក្រុមជម្រើស​ជាតិ​ហ្វីលីពីន ស្ថិត​ក្នុង​ពូល A នៃ​ពានរង្វាន់ AFF Mitsubishi Electric Cup ជាមួយ​ក្រុម​ថៃ, ឥណ្ឌូណេស៊ី, កម្ពុជា និង​ប្រ៊ុយណេ។ ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២ ក្រុម​ហ្វីលីពីន ត្រូវ​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ដោយ​ប៉ះ​ម្ចាស់​ផ្ទះ​កម្ពុជា លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ៕

Share.