លោកជំទាវ ម៉ៅ ម៉ាល័យ ភរិយាឯកឧត្តម កែ កឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកព្រះពុទ្ធសាសនា ពីសាកលវិទ្យាល័យមហាចូឡាលុងកនរាជវិទ្យាល័យ នៃព្រះរាជាណាចក្រថៃ។ ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោកជំទាវ ម៉ៅ ម៉ាល័យ បានធ្វើឡើងនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សាកលវិទ្យាល័យមហាចូឡាលុងកនរាជវិទ្យាល័យ។

អញ្ជើញមានប្រសាសន៍ទូលប្រគេន និងជម្រាបជូនអង្គពិធីនាឱកាសនោះ លោកជំទាវ ម៉ៅ ម៉ាល័យ បានសម្ដែងនូវកត្តញ្ញូ ថ្វាយចំពោះព្រះប្រធាននិងអនុប្រធានក្រុមប្រឹក្សាភិបាល ព្រះសាកលវិទ្យាធិការនិងព្រះសាកលវិទ្យាធិការរង ព្រឹទ្ធបុរស សាស្រ្តាចារ្យ ព្រមទាំងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យមហាចូឡាលុងកនរាជវិទ្យាល័យ ដែលបានវាយតម្លៃ និងសម្រេចផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក«ព្រះពុទ្ធសាសនា»ជូនលោកជំទាវ។

លោកជំទាវ ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន មានងារជាឧកញ៉ាហេមចិន្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។ លោកជំទាវ ស្ថិតក្នុងចំណោមភរិយាឥស្សរជនដែលបានចូលរួមចំណែកយ៉ាងច្រើន និងសកម្មក្នុងការជ្រោមជ្រែង និងលើកតម្កើងព្រះពុទ្ធសាសនា រួមទាំងកិច្ចការសង្គមផ្សេងៗជាច្រើនទៀតជាមួយរាជរដ្ឋាភិបាល។ នៅខេត្តបន្ទាយមានជ័យ លោកជំទាវត្រូវបានប្រជាជនស្គាល់ច្បាស់ និងតែងហៅលោកជំទាវថា«ម៉ែម៉ាល័យ»។

លោកជំទាវបានចូលរួមកសាងព្រះវិហារ មហាកុដិ ចេតិយ ឧបដ្ឋានសាលា សាលាពុទ្ធិក វច្ចកុដ្ឋ ក្លោងទ្វារ របងវត្ត ផ្លូវបេតុង ចាក់ដីបំពេញទីធ្លាវត្ត ជូននិងប្រគេនប្រាក់ខែគ្រូបាលី និងប្រគេនចង្ហាន់ព្រះសង្ឃជាដើម។ លោកជំទាវបានរួមចំណែកជួសជុលប្រាសាទបន្ទាយឆ្មារ និងប្រាសាទនានា ស្តារអាងស្តុកទឹក ប្រឡាយទឹក ស្ពាន អគារសិក្សា ផ្លូវលំ ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងជួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ប្រជាជនក្រីក្រ និងកុមារកំព្រាជាដើម៕

Share.