យានអវកាសរបស់ក្រុមហ៊ុនជប៉ុន ១គ្រឿង ត្រូវបានបាញ់បង្ហោះទៅកាន់ឋានព្រះច័ន្ទកាលពីថ្ងៃ អាទិត្យ ក្នុងបេសកកម្មលើកដំបូងរបស់ប្រទេសនេះ និង ជាលើកដំបូងដោយក្រុមហ៊ុនឯកជនមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ១២ ខែ ធ្នូ ឆ្នាំ ២០២២។

ការបាញ់បង្ហោះត្រូវបានអនុវត្តដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk នៅឯ Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីបានពន្យារពេល ២ដង សម្រាប់ការត្រួតពិនិត្យបន្ថែមមុនពេលហោះហើរ។

យានអវកាសដែលផលិតដោយក្រុមហ៊ុនជប៉ុន Startup ispace មានមូលដ្ឋាននៅទីក្រុង តូក្យូ បានបាញ់បង្ហោះនៅលើរ៉ុក្កែត Falcon9 នៅម៉ោង ២:៣៨នាទីទាបភ្លឺ (ម៉ោងក្នុងស្រុក)។

លោក Takeshi Hakamada នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Startup ispace បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «បេសកកម្មដំបូងរបស់យើងនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ការទាញយកសក្ដានុពលរបស់ព្រះច័ន្ទ និង ផ្លាស់ប្ដូរវាទៅជាប្រព័ន្ធសេដ្ឋកិច្ចដ៏រឹងមាំ និង រស់រវើក»។

ក្រុមហ៊ុន Startup ispace បាននិយាយថា យាននេះនឹងចុះចតតាមតារាងច័ន្ទគតិរបស់ខ្លួន ហើយត្រូវបានគេរំពឹងទុកថានឹងប៉ះ ហើយផ្ដិតយករូបភាពលើផ្នែកដែលអាចមើលឃើញលើឋានព្រះច័ន្ទនៅក្នុងខែ មេសា ឆ្នាំ ២០២៣។

សូមជម្រាបថា បេសកកម្ម ispace គឺជាកម្មវិធីដំបូងគេនៃកម្មវិធី Hakuto-R ដែលមានន័យថា «ទន្សាយស» ជាភាសាជប៉ុន ដោយបច្ចុប្បន្ននេះ មានតែសហរដ្ឋអាមេរិក រុស្ស៊ី និង ចិន ប៉ុណ្ណោះដែលអាចដាក់មនុស្សយន្ដលើផ្ទៃព្រះច័ន្ទបាន៕

ប្រភព៖ CNA

Share.