សិល្បៈ​ជាតិ​៖ ពេជ្រ វត្តី​សារ៉ាវឌ្ឍី ក្ដាប់​បាន​ឱកាស​មាស​ក្នុង​ដៃ​មួយ​ថែម​ទៀត​បន្ទាប់​ពី​លេច​ឮ​ដំណឹង​ថា​ជិត​ក្លាយជា​ BA របស់​ក្រុម​ហ៊ុន​ធំមួយ​ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ទង់​លាន​បាត​ ស្រាប់​​តែ​ពេល​នេះ​លេច​ចេញ​ដំណឹង​ច្បាស់​ការ​មួយ​ទៀត​ គឺ​កញ្ញា​នឹង​បាន​ចូលរួម​សម្ដែង​ក្នុង​រឿង​ភាគ​ថៃ​ជា​លើក​ដំបូង​ផង​ដែរ​។

MGC ឬ​ Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ហៅ​ Pichy ពិត​ជា​មាន​ប្រជា​ប្រិយ​ភាព​ណាស់​នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ ពិសេស​គឺ​ក្ដី​ស្រលាញ់​ដែល​ហ្វេន​ៗ​ថៃ​បាន​ផ្ដល់​ឱ្យ​ រហូត​អាច​និយាយ​បាន​ថា​កញ្ញា​គឺជា​​​តា​រា​សម្ដែង​ដំបូង​ដែល​បាន​បើក​ទ្វារ​ចូល​ប្រឡូក​ក្នុង​រង្វង់​សិល្បៈ​ថៃ​ក៏​បាន​។

ដោយ​សារ​តែ​​ទទួល​បាន​ការ​និយម​គាំទ្រ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មិន​ស្រក​ស្រុត​ ធ្វើ​ឱ្យ​នារី​ខ្មែរ​ដំបូង​ដែល​កំពុង​តែ​ហក់​លោត​ក្នុង​រង្វង់​សិល្បៈ​ថៃ​ទទួល​បាន​ឱកាស​ការងារ​ជា​រឿយ​ៗ​។ បើ​យោងតាម​ការ​ប្រកាស​ផ្សព្វផ្សាយ​ពី​ផេក​ដែល​និយម​គាំទ្រ​ Pichy បាន​ចេញ​មក​ទម្លាយ​ឱ្យ​ដឹង​ថា​កញ្ញា​ជិត​ក្លាយ​ជា​ BA របស់​ផលិត​ផល​ធំ​មួយ​នៅ​កម្ពុជា​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​រហូត​ដល់​ខ្ទង់​លាន​។

កាន់​តែ​អស្ចារ្យ​ថែម​ទៀត​នោះ​ Pichy ត្រូវ​បាន​ Big Boss របស់​ MGI គឺ​លោក​ Nawat ប្រកាស​ទៀត​ថា​នឹង​បាន​ឱកាស​សម្ដែង​ក្នុង​រឿង​តែមួយ​ជាមួយ​នឹង​ Ingfah ម្ចាស់​ជ័យ​លាភី​ Miss Grand Thailand លំដាប់​ថ្នាក់​លេខ​១ និង​ជា​រង​ Miss Grand International 2022។

តាម​​ដឹង​ Pichy អាច​នឹងបាន​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​បែប Yuri ឬប្រភេ​ទ​សាច់​រឿង​បែប​​ស្រី​ស្រលាញ់​ស្រី​រឿង​​ «แค่อยากบอกรัก (Show me love)» ដែល​មាន​តួ​អង្គ​ឯក​គឺ​ Ingfah និង Charlotte Austin បេក្ខនារី​ Miss Grand Thailand រង​លំដាប់​ទី​៥​។ «គ្រាន់​តែ​ចង់​ប្រាប់​ថា​ស្នេហ៍»​ ​បាន​កំណត់​ថ្ងៃ​ចាក់​ផ្សាយ​នៅ​​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​ ដែល​ចំ​នឹង​រដូវ​កាល​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​។

ប្រសិន​បើ​ Pichy នឹង​សម្ដែង​ក្នុង​រឿង​នោះ​ តើ​តួ​អង្គ​បែប​ណា​ដែល​កញ្ញា​នឹង​ត្រូវ​សម្ដែង​? ឱកាស​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ថៃ​កាន់​តែ​ស្គាល់​ពី​សមត្ថភាព​ និង​ស្នា​ដៃ​របស់​តារា​ស្រី​កម្ពុជា​យើង​កាន់​តែ​ច្រើន​ថែម​ទៀត​ ហើយ​ក៏​ជា​ឱកាស​មួយ​ដែល​នាំ​ឱ្យ​ផលិតករថៃ​ចាប់​អារម្មណ៍​ចំពោះ​តារាស្រី​កម្ពុជា​រូប​នេះ​ផង​ដែរ៕

Share.