អាជ្ញាធរបាននិយាយនៅថ្ងៃ អង្គារ នេះថា មនុស្សចំនួន ៦នាក់បានស្លាប់ ក្នុងនោះមានមន្រ្តីប៉ូលីស ២នាក់ នៅក្នុងហេតុការណ៍ផ្ទុះអាវុធនៅឯតំបន់ជនបទមួយនៃរដ្ឋ Queensland បន្ទាប់ពីប៉ូលីសធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតពីសេចក្ដីរាយការណ៍ថា មានមនុស្សម្នាក់បានបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០២២។

ប៉ូលីសរដ្ឋបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ព័ត៌មានបឋមបានបង្ហាញថា មន្រ្តីប៉ូលីសរងការបាញ់ប្រហារពីជនដៃដល់ ២នាក់ កាលពីល្ងាចថ្ងៃ​ ចន្ទ ដើមសប្ដាហ៍នេះ នៅពេលដើរចូលតម្រង់ទៅរកផ្ទះមួយក្នុងតំបន់ Wieambilla ស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Brisbane នៃរដ្ឋ Queensland។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានចាត់ទុកថា ឧបទ្ទវហេតុនេះជារឿងជារឿងគួរឲ្យភ័យខ្លាច និង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសាច់ញាតិជនរងគ្រោះដែលបានបាត់បង់ជីវិត។

ដោយឡែកស្នងការប៉ូលីសរដ្ឋ Queensland លោកស្រី Katarina Carroll បាននិយាយថា ការបាញ់ប្រហារនេះ គឺជាការបាត់បង់ជីវិតដ៏ធំបំផុត ដែលប៉ូលីសរដ្ឋបានលះបង់ជីវិតនៅក្នុងឧប្បត្តិហេតុមួយនេះ។ ប៉ុន្ដែមិនទាន់មានព័ត៌មានលម្អិតអ្វីបន្ថែមនោះទេខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើងជាបន្ដ៕

ប្រភព៖ CNA

Share.