ក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោមការដឹកនាំរបស់លោក Lionel Sebastian Scaloni បានកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ ក្រោយឈ្នះក្រូអាត ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Lusail កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ។

១គ្រាប់របស់ខ្សែប្រយុទ្ធ Lionel Messi បានធ្វើឲ្យគេក្លាយជាកីឡាករអាហ្សង់ទីនតែម្នាក់គត់ដែលអាចស៊ុតបាន១១គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup ហើយក៏បានបំបែកកំណត់ត្រាដែលត្រូវបានកាន់កាប់ជិត៣០ឆ្នាំរបស់អតីតកីឡាករអាហ្សង់ទីន Gabriel Batistuta ដែលរកបាន១០គ្រាប់នៅ World Cup។

គួរដឹងថាមុនមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម​អណ្តាតភ្លើង​ក្រូ​អាត បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បំផុត ដោយ​បាន​ទម្លាក់​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល ដែល​ជា​ក្រុម​ឈ្នះ​ជើងឯក World Cup ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ការ​យកឈ្នះ នៅវគ្គ៨ក្រុមចុងក្រោយ ​ក្នុង​ការ​ប្រកួត​ដ៏​តានតឹង​បំផុត តាម​រយៈ​ការ​ទាត់​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ដោយ​លទ្ធផល ៤-២ នៅ​ឯ​កីឡដ្ឋាន Education City បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត ១២០​នាទី បាន​ត្រឹម​ស្មើគ្នា លទ្ធផល ១-១​។

ចំណែកឯ ក្រុម​មេឃ​ខៀវ​អា​ហ្ស​ង់​ទី​ន យកឈ្នះ​លើ​ក្រុម​មច្ចុរាជ​ទឹកក្រូច​ហូ​ឡង់ នៅ​ក្នុង​ការ​ប្រកួត​ដ៏​តានតឹង​ដូច​គ្នា ដោយ​ការ​ទាត់​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ក្នុង​លទ្ធផល ៤-៣ នៅ​កីឡដ្ឋាន Lusail Iconic បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត ១២០​នាទី បាន​ត្រឹម​ស្មើគ្នា លទ្ធផល ២-២​។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីនេះ៖
ថ្ងៃទី១៥ ខែធ្នូ បារាំង ប៉ះ ម៉ារ៉ុក វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Al Bayt៕

Share.