ជា​រៀង​រាល់​ឆ្នាំ ចន្លោះ​ខែធ្នូ ដល់​ខែ​កុម្ភៈ គឺ​រដូវរងារ​ចាប់ផ្តើម​ចូល​មក​ដល់​ហើយ​នៅ​ប្រទេស​ឡាវ ហើយ​អ្វី​ដែល​គេ​សង្កេត​ឃើញ​នៅ​តាម​ផ្សារ គឺ​ប្រជាពលរដ្ឋ​តែងតែ​ជុំ​ៗ​គ្នា​នៅ​កន្លែង​លក់​ខោអាវរងា ដោយ​ម្នាក់​ៗ​ខ្លះ​ទិញ​២​ទៅ​៣​កំ​ប្លេ ដើម្បី​ពាក់​បំបាត់​រងា​ អំឡុងពេលទៅសិក្សា ឬធ្វើការជាដើម ចុះពេលទៅទស្សនាបាល់ទាត់វិញ?

ជាក់ស្តែង​នៅប្រទេសឡាវ ថ្វីត្បិតតែសីតុណ្ហភាពត្រជាក់ជាង១៥អង្សាសេក៏ដោយ ប៉ុន្តែមានអ្នកគាំទ្រជាច្រើនបានធ្វើដំណើរទៅកីឡដ្ឋាន Xieng Khouang ដើម្បីចូលរួមទស្សនាការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១១។

នៅក្នុងសីតុណ្ហភាពត្រជាក់ជាង១៥អង្សាសេ នៅ​ខេត្ត​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម មួយ​នេះ​ធ្វើ​ឱ្យ​អ្នកគាំទ្រជាច្រើននាំគ្នាពាក់អាវរងា ប៉ុន្តែ​ខ្លះ​ទៀត​សុខចិត្ត​ដណ្តប់​ភួយ ពី​លើ​អាវ​រងា ​ទស្សនា​បាល់ទាត់​នៅ​ប្រទេស​ឡាវ យ៉ាងកក់ក្តៅ និងប្រកបដោយភាព​រីករាយ​បំផុត។

យ៉ាងណាក្តី​នៅ​ក្នុង​ពិធី​បើក​កីឡា​ជាតិ​របស់​ឡាវ​ឆ្នាំ​​នេះ​ដែរ មាន​ពលរដ្ឋ​ជា​ច្រើន​​បាន​សម្រុក​​ចូលរួម​គាំទ្រ​​​នៅ​កីឡដ្ឋាន​ផ្ទាល់ រហូត​មាន​ការ​កកស្ទះ​ចរាចរណ៍​ យ៉ាង​ខ្លាំង​ថែម​ទៀត​ផង។

គួរដឹងថាព្រឹត្តិការណ៍កីឡាជាតិលើកទី១១ ត្រូវបានរដ្ឋាភិបាលឡាវកំណត់ឲ្យបើកការប្រកួតជាផ្លូវការសារជាថ្មីនៅថ្ងៃទី១៣ ខែធ្នូ និងបិទបញ្ចប់វិញនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៨ ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។

ដោយមានការចូលរួមពីអត្តពលិកទូទាំងប្រទេសសរុប៥៧៦នាក់ ​អត្តពលិកបុរស​៣០៤​នាក់ និង​អត្តពលិកនារី​២០៩​នាក់ និង​គ្រូបង្វឹក​៦៣​នាក់ ក្នុងចំណោម២៥ប្រភេទកីឡាផ្សេងៗគ្នា៕

Share.