ក្រុមជម្រើសជាតិបារាំង នឹងត្រូវជួប ម៉ារ៉ុក នៅវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅកីឡដ្ឋាន Al Bayt រាត្រីថ្ងៃទី១៥ ឈានចូលព្រឹកថ្ងៃទី១៦ ខែធ្នូ វេលាម៉ោង ២:០០រំលងអធ្រាត្រ។

ប្រវត្តិជួបគ្នា៥លើកចុងក្រោយរវាងក្រុមទាំងពីរ៖
-១៧ វិច្ឆិកា ២០០៧ បារាំង ២-២ ម៉ារ៉ុក
-៦ មិថុនា ២០០០ ម៉ារ៉ុក ១-៥ បារាំង
-២០ មករា ១៩៩៩ បារាំង ១-០ ម៉ារ៉ុក
-២៦ មិថុនា ១៩៩៨ ម៉ារ៉ុក ២-២ បារាំង​
-០៥ កុម្ភៈ ១៩៨៨ បារាំង ២-១ ម៉ារ៉ុក។

ក្រុមការពារតំណែងជើងឯកមាន់គក់បារាំង របស់លោក Didier Deschamps បានទម្លាក់តោកំណាចអង់គ្លេស ក្នុងលទ្ធផល ២-១ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី២ជាប់ៗគ្នា និងលើកទី៧ប្រចាំប្រវត្តិសាស្ត្រខ្លួន និងបានបញ្ចប់ក្តីស្រមៃឈ្នះពានរបស់អង់គ្លេសផងដែរ។

បើត្រឡប់ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ក្រុមជម្រើសជាតិបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps បានយកឈ្នះប៊ែលហ្ស៊ិក ក្នុងលទ្ធផល ១-០ រួចបន្តយកឈ្នះ ក្រូអាត នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៤-២។

ខណ:ក្រុមជម្រើសជាតិម៉ារ៉ុក ក្រោមការដឹកនាំរបស់លោក Walid Regragui​ គឺជាក្រុមអាហ្វ្រិកដំបូងគេដែលអាចឡេីងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលេីកដំបូងក្នុងប្រវត្តិសាស្ត្រ​ World Cup។

ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ Royal Air Maroc របស់ប្រទេសម៉ារ៉ុក នឹងដំណើរការជើងហោះហើរពិសេសចំនួន៣០ ដើម្បីដឹកអ្នកគាំទ្របាល់ទាត់ចេញពីទីក្រុង Casablanca ទៅកាន់ទីក្រុង Doha សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងបារាំង នៅរាត្រីនេះផងដែរ។

ជម្រើស១១នាក់ដំបូងរបស់បារាំងអាចនឹងប្រើប្រាស់នៅរាត្រីនេះ៖
Lloris; Kounde, Varane, Upamecano, T. Hernandez; Tchouameni, Rabiot; Dembele, Griezmann, Mbappe; Giroud

ជម្រើស១១នាក់ដំបូងរបស់ម៉ារ៉ុកអាចនឹងប្រើប្រាស់នៅរាត្រីនេះ៖
Bono; Hakimi, El Yamiq, Aguerd, Mazraoui; Ounahi, Amrabat, Amallah; Ziyech, En-Nesyri, Boufal។

គួរដឹងថាក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោមការដឹកនាំរបស់លោក Lionel Sebastian Scaloni បានកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ ក្រោយឈ្នះក្រូអាត ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Lusail កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ។

ដូច្នេះក្រុមឈ្នះរវាង បារាំង ទល់នឹង ម៉ារ៉ុក នឹងត្រូវជួបអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃអាទិត្យ ទី១៨ ខែធ្នូ វេលាម៉ោង ១០:០០នាទីយប់ ក្នុងកីឡដ្ឋាន Lusail៕

Share.