សហព័ន្ធកីឡាចំបាប់កម្ពុជា បានបង្ហាញសមាសភាពកីឡាករ កីឡាការិនីកម្ពុជា សរុបចំនួន ២៦នាក់ ក្នុងនោះមានកីឡាករ១៨នាក់ និងកីឡាការិនី៨នាក់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងឋានៈម្ចាស់ផ្ទះ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។

ចំពោះកម្មវិធីប្រកួត នឹងធ្វើឡើងតាមកាលបរិច្ឆេទ និងវិញ្ញាសាប្រកួត រួមមាន៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាក្រិចកូរ៉ូម៉ាំង១០ប្រភេទទម្ងន់ គឺ GR-55kg, 60kg, 63kg, 67kag, 72kg, 77kg, 82kg, 87kg, 97kg, 130kg។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាសាចំបាប់សេរីនារី (Women Wrestling) ដោយមាន១០ប្រភេទទម្ងន់ គឺ WW-50kg, 53kg, 55kg, 57kg, 59kg, 62kg, 65kg, 68kg, 72kg, 76kg។

ដោយឡែក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាសាចំបាប់សេរីបុរស (Freestyle) ក្នុងប្រភេទទម្ងន់ FS-57kg, 61kg, 65kg, 70kg, 74kg, 79kg, 86kg, 92kg, 97kg, 125kg។ ក្នុងរយៈពេល៣ថ្ងៃនេះ នឹងត្រូវពិនិត្យសុខភាព-ថ្លឹងទម្ងន់ ចាប់ពីម៉ោង ៨:០០-៨:៣០ ហើយចាប់ពីម៉ោង ១០:០០ ដល់ម៉ោង ១៣:៣០ ប្រកួតជម្រុះ និងចាប់ពីម៉ោង ១៦:០០ ដល់ម៉ោង ១៩:០០ ប្រកួតជុំផ្តាច់ព្រ័ត្រ និងរៀបចំពិធីបំពាក់មេដាយ ជូនដល់ម្ចាស់ជ័យលាភី ដោយពេលវេលាដូចគ្នានេះ នឹងត្រូវធ្វើឡើងដូចៗគ្នា លើប្រភេទវិញ្ញាសាទាំង៣ធំៗនេះ។ ក្នុង១ថ្ងៃៗ នឹងត្រូវប្រកួតបញ្ចប់ និងបំពាក់មេដាយ លើប្រភេទវិញ្ញាសានីមួយៗតែម្តង។


នេះជាព្រឹត្តិការណ៍ប្រកួតដ៏សំខាន់មួយ ដើម្បីត្រៀមឆ្ពោះទៅរៀបចំ និងការប្រកួតប្រជែងមេដាយ លើប្រភេទកីឡាចំបាប់ សម្រាប់ស៊ីហ្គេម លើកទី៣២ ដែលគ្រោងដំណើរការជាផ្លូវការពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ដើម្បីត្រៀមដល់ការរៀបចំ និងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងសហព័ន្ធកីឡាចំបាប់កម្ពុជា កំពុងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម គ្រូបង្វឹកកីឡាចំបាប់កម្រិតអន្តរជាតិ និងការបោះជំរំហ្វឹកហាត់ដល់ក្រុមកីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលចូលរួមសរុប ៧ប្រទេស ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕

ត្ថបទ៖ ប្រែសម្រួលពី Cambodia 2023

Share.