មនុស្សយ៉ាងហោចណាស់ ១២០នាក់ បានស្លាប់ និង រាប់សិបនាក់ទៀតបានរងរបួសដោយសារគ្រោះទឹកជំនន់ ​និង ការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងរដ្ឋធានី Kinshasa នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលស្ថិតនៅតំបន់អាហ្រ្វិកកណ្ដាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ពុធ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២។

លំនៅឋាន និង ផ្លូវថ្នល់ ត្រូវបានជន់លិចដោយទឹកជំនន់ ដោយបានកាត់ផ្ដាច់ដោយសារតែរណ្ដៅបាក់ស្រុត និង គ្រោះរអិលបាក់ដីក្នុងនោះក៏បានបំផ្លាញផ្លូវហាយវេ N1 ដែលតភ្ជាប់ទីក្រុង Kinshasa ឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ Matadi ជាទីក្រុងកំពង់ផែដ៏សំខាន់ និង ធំជាងគេរបស់កុងហ្គោផងដែរ។

ការិយាល័យនាយករដ្ឋមន្រ្តីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ផ្លូវនេះអាចនឹងត្រូវបិទក្នុងរយៈពេល ៤ថ្ងៃ ខណៈចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។

ដោយឡែករដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Jean-Jacques Mbungani Mbanda បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ក្រសួងបានរាប់ចំនួនអ្នកស្លាប់កើនដល់ទៅ ១៤១នាក់ ប៉ុន្ដែចំនួននេះ ចាំបាច់ត្រូវត្រួតពិនិត្យជាមួយនាយកដ្ឋានផ្សេងទៀតជាមុនសិន។

សូមជម្រាបថា បច្ចុប្បន្ននេះ មានប្រជាជនប្រមាណជា ១២លាននាក់ កំពុងរស់នៅក្នុងសហគមន៍សរុបចំនួន២៤ នៃទីក្រុង Kinshasa ដែលទទួលរងការវាយប្រហារដោយទឹកជំនន់។ កាលពីក្នុងឆ្នាំ២០១៩ នៅពេលភ្លៀងធ្លាក់ខ្លាំងបានបង្កការជន់លិចនៅតាមតំបន់ទំនាបៗ នៃទីក្រុង Kinshasa គឺមនុស្សយ៉ាងតិច ៣៩នាក់បានស្លាប់ ហើយអគារ និង ផ្លូវថ្នល់មួយចំនួនបានបាក់ស្រុតនិងដាច់៕

ប្រភព៖ Aljazeera

Share.