ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ស្ដីពីការការពារអ្នកស្រឡាញ់ភេទដូចគ្ន និង អនុញ្ញាតឲ្យរៀបការជាមួយគ្នាបានទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NHK កាលពីថ្ងៃ ពុធ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២។

លោក បៃដិន បាននិយាយក្នុងពិធីនៅសេតវិមានថា អាមេរិកបានបោះជំហានសំខាន់មួយឆ្ពោះទៅរកសមភាព ដើម្បីសេរីភាព និង យុត្តិធម៌ ដោយមិនប្រកាន់ភេទមនុស្ស និង មិនមែនត្រឹមសម្រាប់មនុស្សមួយចំនួនប៉ុណ្ណោះទេ ប៉ុន្ដែលោកបង្កើតឡើងសម្រាប់មនុស្សគ្រប់គ្នា។

ទន្ទឹមនោះតារាចម្រៀងអាមេរិកដ៏ល្បីល្បាញលើពិភពលោក លោក Cyndi Lauper ដែលជាអ្នកតស៊ូមតិសម្រាប់សិទ្ធិជនជាតិភាគតិចផ្លូវភេទ បានប្រា់អ្នកសារព័ត៌មានថា «ឥឡូវនេះ ជនជាតិអាមេរិកអាចស្រឡាញ់អ្នកណាដែលពួកគេស្រឡាញ់ដោយគ្មានការហាមឃាត់ឡើយ»។

សេចក្ដីសម្រេចរបស់តុលាការកំពូលក្នុងឆ្នាំ ២០១៥ ស្ទើរតែធ្វើឲ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ទៅហើយនៅក្នុងរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក។ ប៉ុន្ដែនៅដើមឆ្នាំនេះ តុលាការកំពូលដែលប្រកាន់និន្នាការអភិរក្សនិយមបានបដិសេធការសម្រេចចិត្តដែលមានអាយុកាលជិត ៥០ឆ្នាំ ដែលផ្ដល់ឲ្យស្រ្តីនូវសិទ្ធិតាមរដ្ឋធម្មនុញ្ញក្នុងការរំលូតកូន។ សេចក្ដីសម្រេចនេះបានបង្កើនការភ័យខ្លាចថា តុលាការកំពូលក៏អាចបដិសេធការសម្រេចចិត្តរៀបការភេទដូចគ្នាដែរ។

ប៉ុន្ដែយ៉ាងណាម៉ិញ ការចុះហត្ថលេខាលើច្បាប់ថ្មីនេះ តម្រូវឲ្យរដ្ឋទទួលស្គាល់អាពាហ៍ពិពាហ៍ស្របច្បាប់ទាំងអស់ មានន័យថា សិទ្ធិរបស់ប្ដីប្រពន្ធមួយគូដែលស្រឡាញ់ភេទដូចគ្នាត្រូវបានធានា បើទោះបីជាពួកគេត្រូវផ្លាស់ទៅរស់នៅរដ្ឋដែលមិនគាំទ្រការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាក៏ដោយ។

គណបក្សប្រជាធិបតេយ្យបានចាត់វិធានការដើម្បីអនុម័តច្បាប់សហព័ន្ធ ដើម្បីការពារអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ប្រសិនបើតុលាការកំពូលត្រូវលុបចោលសេចក្ដីសម្រេចឆ្នាំ ២០១៥ របស់ខ្លួន។

សូមជម្រាបថា បើតាមការស្ទង់មតិរបស់សហរដ្ឋអាមេរិកឆ្នាំ ២០២០ បានបង្ហាញថា គូស្នេហ៍ស្រឡាញ់ភេទដូចគ្នាមានចំនួន ១.៥ភាគរយនៃចំនួនគ្រួសារទាំងមូលដែលស្មើនឹងចំនួន ៩៨០,០០០គ្រួសារ ដែលស្រឡាញ់ភេទដូចគ្នា។ ខណៈអ្នកអភិរក្សនិយម និង សេរីនិយមនៅសហរដ្ឋអាមេរិកមានជម្លោះជាយូរណាស់មកហើយអំពីថា តើត្រូវយល់ព្រមឲ្យមានការរៀបការភេទដូចគ្នាដែរឬទេ៕

ប្រភព៖ NHK

Share.