សិល្បៈ​អន្តរជាតិ​៖ Go Youn Jung បច្ចុប្បន្ន​អាច​ចាត់​ទុក​ថា​ជា​តារា​សម្ដែង​​ម្នាក់​ដែល​អ្នក​គាំទ្រ​កំពុង​តែ​ផ្ដោត​ក្រសែ​ភ្នែក​ចំពោះ​នាង​ ទោះ​ជា​រឿង​ដំបូង​ៗដែល​នាង​សម្ដែង​បាន​ត្រឹម​ជា​តួ​បន្ទាប់​បន្សំ​ឬ​តារា​កិត្តិយស​ក្ដី​។ ប៉ុន្តែ​ភាព​លេចធ្លោ​នៃ​ទឹក​ដៃ​សម្ដែង​របស់​នាង​នៅ​ក្នុង​រឿង​ភាគ​នីមួយៗ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ជា​ខ្លាំង​​ រហូត​ដល់​ថ្នាក់​ឱ្យ​តែ​មាន​ឈុត​ឆាក​ដែល​មាន​សម្ដែង​រមែង​មាន​ការ​យក​មក​ចែក​រំលែក​យ៉ាង​គគ្រឹកគគ្រេង​លើ​បណ្ដាញ​សង្គម​។

កម្លាំង​គាំទ្រ​បាន​រុញ​ច្រានឱ្យ​ Go Youn Jung ក្ដោប​បាន​ឱកាស​សម្ដែង​ជា​តួ​ឯក​ជា​លើក​ដំបូង​នៅ​ក្នុង​​សាច់​រឿង​បុរាណ​បែប​ អភិនិហារ​ Alchemy of Souls: Light and Shadow វគ្គ​២។ នៅ​ក្នុង​សាច់​រឿង​នេះ​នាង​ដើរ​ជា​តួអង្គ​ Jin Bo Yeon ឬ​ Nak Su។

Go Youn Jung កើត​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​១៩៩៦ សព្វថ្ងៃ​មាន​អាយុ​២៦​ឆ្នាំ​ បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ពី​សកលវិទ្យាល័យ​ស្ត្រី​ក្រុង​សេអ៊ូល (Seoul Women University) ផ្នែក​វិចិត្រ​សិល្បៈ។ យុវតី​វ័យ​២០​ប្លាយ​រូប​នេះ​គឺជា​សិល្បករ​ស្ថិត​ក្រោម​ផលិត​កម្ម​ MAA Management ធ្លាប់​ថត​ផ្សាយ​ឃោសនា​ផលិតផល​ឱ្យ​ផលិតផល​ធំៗជា​ច្រើន​ដូច​ជា​ Ritz Crakers, Nike, Dior, Giogio Armani និង​ផលិតផល​សម្រាប់​លេង​កីឡា​ជា​ច្រើន​មុខ​ទៀត​។

នៅ​ឆ្នាំ​២០១៩​ ​​នាង​បាន​ចាប់​ផ្ដើម​បោះ​ជំហាន​ចូល​ក្នុង​វិថី​សម្ដែង​ដោយ​បាន​សម្ដែង​រឿង​ He is Psychometric គឺជា​រឿង​ដំបូង​។ នៅ​ក្នុង​រឿង​នេះ​នាង​សម្ដែង​ជា​តួ​​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ទម្ងន់​នៅ​ក្នុង​វ័យ​សិក្សា​។​នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ​ ​នាង​ចាប់​ផ្ដើម​ទទួល​បាន​ការ​ចាប់​អារម្មណ៍​តាម​រយៈ​ឃ្លីប​វីដេអូ​ផ្សព្វផ្សាយ​រប​ស់​ SK Telecom ដោយ​សារ​រូប​សម្រស់​ស្រស់​ស្អាត​ឆើត​ឆាយ​ទាក់​ទាញ​ខ្សែ​ភ្នែក​អ្នក​មើល​ ពិសេស​សម្រស់​របស់​នាង​អាច​ធ្វើ​ឱ្យ​បុរស​ៗ​ឈ្លក់​វង្វេង​ហើយ​ចង់​ដឹង​ចង់​តាម​ដាន​តើ​នាង​គឺជា​អ្នក​ណា?​

Go Youn Jung ធ្លាប់​បាន​សម្ដែង​រឿង​ភាគ​ឱ្យ​ Netflix រហូត​ដល់​ទៅពីរ​រឿង​កាល​ពី​ឆ្នាំ​២០២០ រឿង​ទីមួយ​គឺ​រឿង​ The School Nurse File ដែល​រឿង​នោះ​នាង​សម្ដែង​ជា​តួអង្គ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​សត្វចម្លែក​មាន​រូប​រាង​ដូច​ជា​ចាហួយ​តាម​វាយ​ប្រហារ​ និង​​រឿង​ទីពីរ​គឺ​រឿង​ Sweet Home ដោយ​សម្ដែង​ជា​​តួ​អង្គ​​អ្នក​ជំនាញ​មើល​ថែ​មនុស្ស​ចាស់​និង​កុមារ​។

នៅ​ក្នុង​រឿង​នោះ​នាង​បាន​ប្រើ​ប្រាស់​ជំនាញ​របស់​ខ្លួន​ជួយ​ដល់​អ្នក​ស្នាក់​នៅ​ក្នុង​ Apartment ឱ្យ​រួច​រស់​ជីវិត​និង​អាច​រស់​នៅ​ជាមួយ​នឹង​គ្នា​បាន​។​ព្រោះ​តែ​ថ្វី​ដៃ​សម្ដែង​ដ៏​ល្អ​របស់​នាងនៅ​ក្នុង​រឿង​ Sweet Home ធ្វើ​ឱ្យ​អ្នក​ទស្សនា​កាន់​តែ​ផ្ដោត​ការ​ចាប់​អារម្មណ៍​មក​លើ​រូប​នាង​កាន់​តែ​ខ្លាំង​ ជាង​នោះ​ទៀត​យុវតី​រូប​នេះ​ក៏​ត្រូវ​បាន​បណ្ដា​សារព័ត៌មាន​ចាត់​ចំណាត់​ថ្នាក់​ជា​តារា​ទើប​នឹង​រះ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​កាល​ពី​ឆ្នាំ​២០២១។

នៅ​ឆ្នាំ​២០២១ Go Youn Jung បាន​ចូលរួម​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​ Law School ដោយ​ដើរ​ជា​តួអង្គ​ក្មេង​ស្រី​ម្នាក់​ប្រឡង​ជាប់​មហាវិទ្យាល័យ​នីតិសាស្ត្រ​ ប៉ុន្តែ​បែរ​ជា​ត្រូវ​សង្សារ​ប្រើ​ហិង្សា​និង​ធ្វើ​បាប​ជា​ញឹកញាប់​ ដោយ​សារ​តែ​ខ្មាស​គេ​ដែល​សង្សារ​ប្រឡង​ជាប់​តែ​ខ្លួន​ឯង​បែរ​ជា​ធ្លាក់​។ តួអង្គ​ដែល​នាង​សម្ដែង​នេះ​ អាច​ចាត់​ទុក​ជា​តួអង្គ​សំខាន់​ម្នាក់​ ទោះ​ជា​មិនមែន​ជា​តួអង្គ​ឯក​ក្ដី​ ប៉ុន្តែ​តួអង្គ​របស់​នាង​គឺជា​តួអង្គ​ដែល​នាំ​ឱ្យ​កើត​មាន​រឿង​ក្ដី​ធំ ដែល​ធ្វើ​ឱ្យ​និស្សិត​ពូកែ​ៗ​ត្រូវ​ចាប់​ដៃ​គ្នា​ដើម្បី​ជួយ​ឱ្យ​នាង​អាច​យក​ឈ្នះ​ក្ដី​ឱ្យ​បាន​។

ចូល​មក​ដល់​ដើម​ឆ្នាំ​២០២២​ ឈ្មោះ​របស់​ Go Youn Jung ត្រូវ​បាន​លើក​យក​មក​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​​ជា​ថ្មី​ម្ដង​ទៀត​ ព្រោះ​នាង​បាន​បង្ហាញ​វត្តមាន​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​រឿង​ Hunt គឺ​ជា​រឿង​ដំបូង​ដែល​ដឹក​នាំ​ដោយ​​កំពូល​តារា​សម្ដែង​ឈាន​មុខ​ Lee Jong Ja។ នៅ​ក្នុង​រឿង​នេះ​នាង​សម្ដែង​ជា​និស្សិត​ម្នាក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​តាម​ប្រមាញ់​​ជនបង្កប់​ដែល​មក​បន្លំ​ខ្លួន​​អង្គ​ភាព​មួយ​ ដោយ​សារ​តែ​ហេតុការណ៍​នោះ​មាន​ទាក់ទង​នឹង​ឪពុក​របស់​នាង​។

ក្រៅ​ពី​ស្នាដៃ​ភាពយន្ត​នៅ​ឆ្នាំ​២០២២​នេះ​ Go Youn Jung ក៏​លេច​ធ្លោ​ណាស់​ដែរ​ ព្រោះ​ស្នាដៃ​សម្ដែង​ជា​តួអង្គ​ Nak Su ឃាតក​ក្រមុំ​ដ៏​អង់អាច​ក្លាហាន នៅ​ក្នុង​រឿង​ Alchemy of Souls ទោះ​ជា​​តួអង្គ​របស់​នាង​គ្រាន់​តែ​បង្ហាញ​ខ្លួន​ត្រឹម​តែ​ប៉ុន្មាន​នាទី​ក្នុង​ភាគ​មួយ​ភ្លាម​គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ភ្លែតតែ​ម្ដង​។

យ៉ាង​ណា​មិញ​ Alchemy of Souls: Light and Shadow វគ្គ​២​ ដែល​​ជា​ទំព័រ​ថ្មី​មួយ​សម្រាប់​ Go Youn Jung ក្នុង​នាម​ជា​តួ​ឯក​ស្រី​ នៅ​តែ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ សឹង​អាច​និយាយ​បាន​ថា​លើស​ពី​វគ្គ​ទីមួយ​ទៅទៀត​។ នៅ​ក្នុង​វគ្គ​២​នេះ​ នាង​ត្រូវ​សម្ដែង​ជា​​តួ​អង្គ​នារី​ម្នាក់​បាត់​ការ​ចងចាំ​ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​ឈ្មោះ Jin Bo Yeon កូន​ស្រី​ច្បង​របស់​គ្រួសារ​ត្រកូល​ Jin ប៉ុន្តែ​វិញ្ញាណ​ពិត​របស់​នាង​គឺ​ឃាតក​ស្រី Nak Su។ សម្រាប់​ Go Youn Jung នៅ​ក្នុង​រឿង​នេះ​បាន​បង្ហាញ​ឱ្យ​អ្នក​ទស្សនា​ឃើញ​ពី​រូប​សម្បត្តិ​ស្អាត​ឥត​ទាស់​រក​កន្លែង​រិះគន់​គ្មាន​ ចំណែក​ឯ​ថ្វី​ដៃ​សម្ដែង​ទៀត​នោះ​រឹត​តែ​ល្អ​ រក​ចំណុច​ឆ្គាំឆ្គងគ្មាន​ដូច​គ្នា​​។

រឿង​ភាគ​វគ្គ​ទីពីរ​​របស់​ Go Youn Jung​ មាន​ចំនួន​​ត្រឹម​តែ​ ១០​ភាគ​ប៉ុណ្ណោះ​ ប្រសិន​បើ​បងប្អូន​ដែល​មិន​ទាន់​បាន​ទស្សនា​អាច​រក​មើល​បាន​នៅ​លើ​ App Netflix៕ ​​​

Share.